ស្ពាន​នាគ​នៅ​អង្គរ​ធំ

ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ​ពី​ទិស​ខាងត្បូង មើល​ពី​កំពែង​ភាគ​ខាងលិច

ស្ពាន​នាគ​នៅ​អង្គរធំ​ឆ្លុះ​បញ្ចាំង​អត្ថន័យ​តាម​ឯកសារ​បុរាណ​

នៅ​ប្រាសាទ​អង្គរវត្ដ​ និង​អង្គរធំ​ក៏​ដូច​នៅ​ប្រាសាទ​ដទៃៗ​ទៀត​ដែរ​ក្នុង​ចក្រភព​ខ្មែរ​បុរាណ​ ​ដូច​ជា ​ប្រាសាទ​ព្រះខ័ន​ ​ប្រាសាទ​វត្ដ​ភូ​ នៅ​ក្នុង​ប្រទេស​ឡាវ​ និង​ប្រាសាទ​ភ្នំរុង​នៅ​ក្នុង​ប្រទេស​សៀម​បច្ចុប្បន្ន​ជាដើម​ ​គេ​តែង​ឃើញ​មាន​ស្ពាន​បង្កាន់​ដៃ​ជា​រូបភាព​ដងខ្លួន​សត្វ​នាគ​ដែល​ ក្បូរក្បាច់​ជួនកាល​មាន​ក្បាល​៥​ ​ជួនកាល​ក្បាល​៧ ។​ ​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ ​គេ​ឆ្ងល់​ថា​ ​ស្ពាន​នាគ​ដ៏​សង្ហា​នេះ​មាន​អត្ថន័យ​យ៉ាងណា ? លោក​បណ្ឌិត​មីសែល​ ​ត្រាណេ​ ​អ្នក​ឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​អធិប្បាយ​ឱ្យ​ដឹង​ថា​ ​ទី​ក្រុង​អង្គរធំ​ដែល​មាន​ប្រាសាទ​បាយ័ន​ជា​ស្នូល​កណ្ដាល​ ​គឺ​ជា​រូបភាព​បំព្រួញ​ដ៏​តូច​មួយ​នៃ​សកលលោក​យើង​នេះ ។​ ​ទីក្រុង​អង្គរធំ​មាន​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​កសិណ​ទឹក​ដ៏​ធំ​អស្ចារ្យ​ដែល​ គេ​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​មហាសាគរ​ និង​កំពែង​ដូច​ភ្នំ​ ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះធរណី​ដ៏​ធំ​មហិមា​ដូច្នោះ​ដែរ ។​ ​ចំពោះ​និមិត្ដរូប​និយម​នៃ​ទីក្រុង​អង្គរធំ​នេះ​ ​សិលាចារឹក​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​មាន​កំពូល​ខ្ពស់​ដល់​ទៅ​អាកាស​ ​ចំណែកឯ​កសិណ​វិញ​មាន​ជម្រៅ​ដល់​ស្ថាន​ភុជង្គនាគ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​បាន​សាង​សង់​ជ័យ​គិរី​ និង​ជ័យ​សន្ធុ​(មហាសាគរ​នៃ​ជ័យ​ជំនះ)នេះ​ឡើង​ដោយ​ត្រាប់​តាម​ឫទ្ធី​នៃ​ ធ្នូ-ស​ដ៏​មាន​មហិទ្ធិឫទ្ធិ ។​

មានការ​សន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា​ ​គំនិត​ដែល​នាំ​ឱ្យ​ស្ថាបត្យករ​ និង​វិចិត្រករ​ខ្មែរ​បុរាណ​ឆ្លាក់​ក្បាច់​ចម្លាក់​រស់​រវើក​ ដូច​ជា​ ក្រុម​យក្ស​ និង​ទេវតា​ទាញព្រ័ត្រ​ជា​សត្វ​នាគ​អម​សងខាង​ទ្វារ​ចេញ​ចូល​ទីក្រុង​អង្គរធំ​ ​គឺ​កើត​ចេញពី​ទស្សនៈវិជ្ជា ។​ ​ម្យ៉ាងទៀត​យើង​បានដឹង​ថា​ ​ទ្វារ​ចេញ​ចូល​ទីក្រុង​អង្គរ​ដែល​មាន​វត្ដមាន​ពពួក​យក្ខ​ និង​ទេវតា​ ​ក៏​មាន​ស្ពាន​មួយ​យ៉ាង​ធំ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ ថ្ងៃនេះ​ជាមួយនឹង​និមិត្ដរូប​ចម្លាក់​ដ៏​ស៊ីជម្រៅ​បែប​នេះឯង ។​

លោកបណ្ឌិត​មីសែល​ ​ត្រាណេ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អត្ថន័យ​ដ៏​មាន​សារសំខាន់​របស់​ស្ពាន​ចេញចូល​ប្រាសាទ​អង្គរធំ​ ​គឺជា​និមិត្ដរូប​សម្រាប់​ការ​ចម្លង​មនុស្ស​ទៅ​កាន់​ស្ថាន​សុខ​ ក្សេមក្សាន្ដ ។​ ​ដោយហេតុ​ថា​ ​និមិត្ដរូប​និយម​មាន​ចែង​ក្នុង​គម្ពីរ​ឥណ្ឌា​បុរាណ​ស្ដី​ពី​រូបធាតុ​វិទ្យា ​ ​គឺ​ស្ថាន​មនុស្ស​ និង​ទេវស្ថាន​ត្រូវ​ត​ភ្ជាប់​ដោយ​បន្ទាត់​ពិសិដ្ឋ​មួយ​ដែល​មាន​តំណាង​ដោយ “ឥន្ទធនូ” ។ តាម​អត្ថន័យ​ខាងលើ​នេះ​ ​ស្ពាន​នាគ​មាន​បង្កាន់ដៃ​ក្នុង​ស្ថាបត្យកម្ម​ខ្មែរ​ពិតជា​ត្រូវ​បាន​បំពេញ​ តាម​លក្ខណៈ​ និង​តួនាទី​ខាងលើ​នេះ​នៃ​ខ្សែបន្ទាត់​ដែល​បាន​ភ្ជាប់​ភព​ទាំង​ពីរ​ដោយ​មាន​ កសិណ​ទឹក​នៃ​តំណាង​ចក្រវាឡ ។​

ទោះជា​យ៉ាងណា​ក្ដី​ក៏​និមិត្ដរូប​និយម​នៃ​ស្ពាន​នាគ-ឥន្ទធនូ​ ​គឺជា​បែប​ព្រាហ្ម​និយម​ផង​ ​និង​បែប​លទ្ធិ​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។​ ​ចម្លាក់​ពាក់ព័ន្ធ​អត្ថន័យ​បែប​នេះ​ ​វិចិត្រករ​ខ្មែរ​តែង​មាន​ទម្លាប់​បង្ហាញ​តាម​រយៈ​ផ្ទាំង​គំនូរ​នៅ​តាម​ទីវ​ ត្ដ​អារាម ។​ ​អត្ថន័យ​របស់​ស្ពាន​នាគ​ឥន្ទធនូ​នេះ​ ​វិចិត្រករ​ខ្មែរ​ចង់​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ព្រះពុទ្ធ​អង្គ​បាន​យាងចុះ​ពី​ស្ថានសួគ៌​ត្រៃត្រិង្ស​តាម​ជណ្ដើរ​ដែល​ជា​ ឥន្ទធនូ ។​ ​ស្ពាន​ឥន្ទធនូ​មាន​តួនាទី​ជា​ចម្បង​មួយ​ ​គឺ​ចម្លង​មនុស្ស​ទៅ​កាន់​ទេវស្ថាន​ឬ​ស្ថានសួគ៌​ដែល​ពោរពេញ​ដោយ​សុភមង្គល​ឥត ​ត្រើយត្រាណ ៕​

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា​ ​១៥/១១/០៤)

ស្ពាន​នាគ​ចូល​អង្គរ​ធំ​ពី​ទិស​ខាង​ត្បូង

ស្ពាន​នាគ​ខ្លោងទ្វារ​អង្គរធំ​អតីត​រាជធានី​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​នៃ​សាសនា​

កេរដំណែល​ជា​ច្រើន​ដែល​បាន​បញ្ជាក់​ថា ​ខ្មែរ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ចំណាស់​រស់​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​បាន​កសាង​ប្រទេស​ជាតិ​ឱ្យ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​រុងរឿង​ និង​មាន​វប្បធម៌​ខ្ពង់ខ្ពស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។​ ​កេរដំណែល​ទាំងនោះ​ រួម​មាន ​ប្រាង្គ​ប្រាសាទ​ ​បារាយណ៍​ ​ផ្លូវ​ថ្នល់​ ​ស្ពាន​ ​និង​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ថ្ម​ ​ដី​ដុត​ ​លោហៈ​ ​ស្ពាន់​ ​មាស​ ​លង្ហិន​ ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់ ។​ ចំណែកឯ​ស្ពាន​នាគ​នៅ​ខ្លោងទ្វារ​ចូល​អង្គរធំ​ខេត្ដ​សៀមរាប​ គេ​ឃើញ​មាន​ចម្លាក់​ទេវតា​ ​និង​យក្ស​ទាញព្រ័ត្រ​ឈរ​កាន់​ក្បាល​នាគ​ទាំង​សង​ខាង​ ​ដើម្បី​យក​ទឹក​អម្រិត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​សាសនា​យ៉ាង​ជ្រាលជ្រៅ​ ​និង​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​គមនាគមន៍​ និង​ទ្វារ​ទឹក ។​ ​យោង​តាម​ឯកសារ​ប្រវត្ដិសាស្ដ្រ​បាន​បញ្ជាក់​ថា​ ​នៅ​សម័យ​មហានគរ​ដ៏​រុងរឿង​ គេ​សង្កេត​ឃើញ​សមិទ្ធផល​ជា​ច្រើន​បាន​រីក​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​ប្រទេស​ ​ជា​ពិសេស ​ស្ពាន​ ​ថ្នល់​ ​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ ​និង​ជា​ទ្វារ​ទឹក​ដ៏​សំខាន់​ក្នុង​ការងារ​កសិកម្ម ។​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​គេ​បាន​ប្រទះ​ឃើញ​នូវ​ផ្លូវ​២​ខ្សែ​ ធំ​ ​និង​២​ខ្សែ​តូចៗ​ទៀត​សម្រាប់​ត​ភ្ជាប់​ពី​រាជធានី​អង្គរ​ទៅ​តំបន់​នានា​ និង​ស្ពាន​បុរាណ​មួយ​ចំនួន​ទៀត​សម្រាប់​ត​ភ្ជាប់​ប្រព័ន្ធ​គមនាគមន៍​ក៏​ដូច​ ជា​ទ្វារ​ទឹក​សម្រាប់​ការងារ​កសិកម្ម​ផង​ដែរ ។​ ​ស្ពាន​បុរាណ​ទាំងនោះ​ខ្លះ​ចាស់​ទ្រុឌទ្រោម​ និង​ខ្លះ​ទៀត​នៅ​មាន​គុណ​ភាព​ល្អ​អាច​ប្រើប្រាស់​បាន​ហើយ​មាន​រចនា​រូប​នាគ​ ​គ្រុឌ​ ​យក្ស​ ​ទេវតា​ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទស្សនៈ​សាសនា​ទៀត​ផង ។

ចំណែកស្ពាន​ថ្ម​មាន​រូប​នាគ​ ​យក្ស​ ​និង​ទេវតា​ ​ទាញ​ក្បាល​នាគ​ ​ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​នៃ​ទីក្រុង​អង្គរធំ​អតីត​រាជធានី​សម័យ​ បុរាណ​ ​ហើយ​រូប​ចម្លាក់​នេះ​ ​ក៏​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដោយសារ​សង្គ្រាម​ខូចខាត​អស់​មួយ​ ចំនួន ។ ពិសេស​ចម្លាក់​ស្ពាន​រូប​នាគ​នៅ​ខាង​មុខ​ខ្លោងទ្វារ​ប្រាសាទ​អង្គរធំ​ផ្នែក​ ខាងត្បូង​ឆ្លងកាត់​ទន្លេ​អុំ​ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧​សម័យ​មហានគរ​នោះ​ មាន​ចម្លាក់​ទេវតា​ ​និង​យក្ស​កាន់​ក្បាល​នាគ​ទាញព្រ័ត្រ​ម្ខាង​៥៤ ។​ ​

ចម្លាក់ដ៏​រស់​រវើក​នេះ​មាន​ការ​អះអាង​ថា​ ​ជា​និមិត្ដរូប​នៃ​ការ​ចម្លង​មនុស្ស​ទៅ​កាន់​ឋាន​បរមសុខ​គ្មាន​ការ​កើត​ ​ចាស់​ ​ឈឺ​ ​ស្លាប់​ឡើយ​ ដែល​ទទួល​ឥទ្ធិពល​ពី​ព្រហ្មញសាសនា​ ​និង​ព្រះពុទ្ធ​សាសនា​ ​ដើម្បី​ដណ្ដើម​យក​ទឹក​អម្រិត​ទៅ​ផឹក​ឱ្យ​មាន​ជីវិត​អមតៈ ។​ ​នៅ​ក្នុង​គម្ពីរ​ឥណ្ឌា​បុរាណ​ក៏​មាន​ចែង​អំពី​បញ្ហា​នេះ​ដែរ​ ​គឺ​ឋាន​មនុស្ស​ ​និង​ឋាន​លើ​ត​ភ្ជាប់​គ្នា​ទៅ​ដោយ​បន្ទាត់​ពិសិដ្ឋ​មួយ​តំណាង​ឱ្យ​ “ឥន្ទនូ” ដែល​មាន​កសិណ​ទឹក​តំណាង​ឱ្យ​ចក្រវាឡ ។​ ​

អត្ថន័យនៃ​ចម្លាក់​នេះ​ត្រូវ​បាន​ស្ថាបត្យករ​យើង​ឆ្លាក់​នៅ​តាម​វត្ដ​អារាម​ ​និង​ទី​សាធារណៈ​មួយ​ចំនួន​រហូត​ដល់​សព្វថ្ងៃ​ ​ដែល​មាន​ការ​អះអាង​ថា​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​បាន​យាងចុះ​ពី​ឋានសួគ៌​ ត្រៃត្រឹង្ស​តាម​ជណ្ដើរ​ឥន្ទនូ​នេះ​ហើយ​ជណ្ដើរ​នេះ​នឹង​ជួយ​ចម្លង​មនុស្ស​ ដែល​ធ្វើ​បុណ្យ​សន្សំ​កុសល​បាន​ច្រើន​ឱ្យ​ទៅ​កើត​នៅ​ឋានសួគ៌​ទៀត​ផង ។​ ​មាន​ការ​កត់​សម្គាល់​ថា​ ចាប់​តាំងពី​សម័យ​អង្គរ​ ​នាគ​ច្រើន​តែ​ទ្រ​ដោយ​មករ​ដែល​តំណាង​ឱ្យ​ត្រី​សមុទ្រ​ ​នាគ​ក៏​ជា​យានជំនិះ​អចិន្ដ្រៃយ៍​របស់​ព្រះ​ភិរុណ​ដែល​គេ​សង្កេត​ឃើញ​នៅ​តាម ​ក្បាច់​ចម្លាក់​ខាងជើង​ប្រាសាទ​អង្គរ​ ​និង​ជួនកាល​មាន​សត្វ​នាគ​អូស​រទេះ​ទៀត​ផង ។​ ​

ចំណែកក្នុង​ទេវ​កថា​នាគ​ឈ្មោះ​ថា​ ​វាសុគិ​ ​ដែល​ត្រូវ​គេ​ចាប់​យក​មក​ធ្វើ​ជា​ខ្សែ​សម្រាប់​បង្វិល​ស្នូល​នៃ​លោហធាតុ​ ដោយ​យក​ភ្នំ​មន្ទរ​មក​ធ្វើ​ជា​ប្រដាប់​កូរ​ដើម្បី​យក​ទឹក​អ​ម្រិ​ត​ ​ហើយ​នៅ​ផ្នែក​ក្បាល​គេ​ឃើញ​ពួក​យក្ស​ចំនួន​៩២​នាក់​ ​និង​ផ្នែក​កន្ទុយ​គឺ​មាន​ទេវតា​ចំនួន​៨​អង្គ​ ​កំពុង​កាន់​កន្ទុយ​នាគ​យ៉ាង​ណែន​នៅ​នឹង​ដៃ​ ​ដើម្បី​ទាញ​បង្វិល​ភ្នំ​នេះ​ឱ្យ​កើតជា​ភោគផល ។​ដោយសារ​នាគ​មាន​ សារសំខាន់​បែប​នេះ​ ទើប​គេ​សង្កេត​ឃើញ​ស្ថាបត្យករ​យើង​ឆ្លាក់​នៅ​តាម​ខ្លោងទ្វារ​ ​ផ្ដែរ​ ​ស៊ុម​ ​ហោជាង​ និង​តាម​ផ្លូវ​ចូល​វត្ដ​អារាម​យ៉ាងច្រើន​តាំងពី​សម័យ​បុរាណ​រហូត​ដល់​ សព្វថ្ងៃ ។​

ចំណែកឯ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ការ​កសាង​ស្ពាន​ឆ្លងកាត់​ព្រែក​ ​ស្ទឹង​ ​ទន្លេ​ គឺ​ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​គមនាគមន៍​ ​និង​ទ្វារ​ទឹក​ដ៏​សំខាន់​សម្រាប់​ការងារ​កសិកម្ម​ទៀត​ផង​ ​ហើយ​ស្ពាន​ទាំងនោះ​បន្ទាប់​ពី​កសាង​រួច​គេ​តែងតែ​រចនា​រូប​នាគ​លម្អ​ផង​ ដែរ ។​ ​

សំណង់​ស្ពាន​នាគ​នៅ​ខ្លោងទ្វារ​អង្គរធំ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​របស់​សង្គម ​ខ្មែរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​អម្រិត​ដែល​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​អាច​ជួយ ​ឱ្យ​មនុស្ស​រួច​ផុត​ពី​ជម្ងឺ​បៀតបៀន​ឧបទ្រព្យ​ចង្រៃ​ ​មាន​សិរី​សួស្ដី​ ​ជា​ពិសេស​មានជីវិត​អមតៈ​ទៀត​ផង ។​ ​លើស​ពី​នេះ​ទៀត​សំណង់​ស្ពាន​នេះ​ ​ក៏​មិន​ខុស​ប្លែក​ពី​ស្ពាន​នានា​ដែរ​ ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​គមនាគមន៍​ទ្វារ​ទឹក​ ដែល​ជា​ប្រភព​នៃ​ការងារ​កសិក​កម្ម​ ​និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិខ្មែរ​ដែល​និយម​ឆ្លាក់​រូប​នាគ​នៅ​តាម​ វត្ដ​អារាម​ ​សំណង់​ប្រាសាទ​ ​និង​ទី​សាធារណៈ​នានា ៕​

(អត្ថបទ​ដកស្រង់​ពី​សារព័ត៌មាន​កោះសន្ដិភាព​ ​២០/០៧/០៧)

 ផ្លូវ​​ចូល​អង្គរ​ធំ​ពី​ទិស​ខាង​លិច

 ខ្លោង​ទ្វារ​ចូល​អង្គរ​ធំ​ពី​ទិស​ខាង​លិច

រូប​ចម្លាក់​ទាញ​នាគ​នៅ​ខ្លោង​ទ្វារ​ទិស​ខាង​លិច​នេះ បាក់​បែក​អស់​ហើយ

បំណែក​រូប​ចម្លាក់​ទាញ​នាគ​នៅ​ខ្លោង​ទ្វារ​ទិស​ខាង​លិច

 

អត្ថបទពាក់ព័ន្ធៈ ​  ចម្លាក់​យក្ស និង​ទេវតា​នៅ​ខ្លោងទ្វារ​អង្គរធំ

 
 
About these ads

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in បូជនីយដ្ឋាន, អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s