ការ​ទស្សន៍ទាយ​ផលប៉ះពាល់​បណ្ដាល​មក​ពី​បម្រែបម្រួល​បរិយាកាស

«អាកាសធាតុ (Weather)» គឺ​ជា​សីតុណ្ហភាព ខ្យល់ ភ្លៀង សំណើម ពន្លឺ​ព្រះអាទិត្យ និង​ពពក ដែល​យើង​ឃើញ​ជា​រៀងរាល់​ថ្ងៃ ។ ចំណែក​ឯ «បរិយាកាស (Climate)» គឺ​ជា​មធ្យមភាគ​នៃ​អាកាសធាតុ​ប្រចាំ​ថ្ងៃ ប្រចាំ​ខែ ប្រចាំ​ឆ្នាំ ឬ​ប្រចាំ​សតវត្ស ។

បរិយាកាស​ប្រែប្រួល​តាម​ពេលវេលា ហើយ​ការ​ព្យាករណ៍​ពី​បរិយាកាស​តាម​រដូវ​ក្នុង​ឆ្នាំ​បន្ទាប់​ខាង​មុខ​​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​រដ្ឋបាល​ជាតិ​សមុទ្រ និង​ខ្យល់​អាកាស (NOAA) របស់​សហរដ្ឋ​អាមេរិច ។ អ្នកវិទ្យាសាស្ត្រ​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) កំពុង​តែ​ធ្វើការ​ដើម្បី​បកស្រាយ​អំពី​ការព្យាករណ៍​បរិយាកាស​ទាំង​នេះ​ឲ្យ​ ទៅ​ជា​ព័ត៌មាន​មាន​ប្រយោជន៍​សម្រាប់​វិស័យ​កសិកម្ម និង​ការ​គ្រប់គ្រង​ទឹក​នៅ​ឆ្នាំ​បន្ទាប់ ។

អ្នកស្រី Jeanne Schneider ជា​ឧតុនិយមវិទូ​បម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​កសិ‑បរិយាកាស និង​ធនធាន​ធម្មជាតិ​នៅ​តំបន់ Great Plains របស់ ARS នៅ​ក្រុង El Reno រដ្ឋ Oklahoma បាន​មាន​ប្រសាសន៍​ថា «វា​គឺ​ជា​បម្រែ​ បម្រួល​រយៈពេល​ខ្លី ឬ​ជា​ការ​ងាក​ចេញ​ពី​មធ្យមភាគ​រយៈ​ពេល​វែង ដូចជា​ភាព​រាំងស្ងួត និង​ជំនន់​ក្នុង​អំឡុង​រដូវ​ដាំដុះ ដែល​ធ្វើ​ឲ្យ​​កសិករ​ព្រួយបារម្ភ ។ ទាំងនេះ​គឺ​ជា​បញ្ហា​បរិយាកាស និង​អាកាសធាតុ​ ដែល​យើង​កំពុង​តែ​ផ្ដោត​អារម្មណ៍» ។

ទង្វើ​ឲ្យ​ការ​ព្យាករណ៍​កាន់តែ​មាន​ប្រយោជន៍​ចំពោះ​កសិករ

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥  NOAA បាន​ផ្សព្វផ្សាយ​អំពី​ការ​ព្យាករណ៍​បរិយាកាស​តាម​រដូវ​គ្រប​ដណ្ដប់​លើ​ ភូមិភាគ​ដ៏​ធំ ប្រហែល​ពាក់​កណ្ដាល​រដ្ឋ Oklahoma ឬ​ធំ​ជាង​បី​ដង​នៃ​ទំហំ​រដ្ឋ​តូចៗ​ ដូចជា រដ្ឋ Maryland ។ ប៉ុន្តែ​ការ​ព្យាករណ៍​ទាំងនេះ​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​តិច​តួច​នៅ​ក្នុង​ វិស័យ​កសិកម្ម ។ បញ្ហា​មួយ​គឺ​វា​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ធំ​ពេក​ពិបាក​នឹង​យក​មក​អនុវត្ត​ ផ្ទាល់​សម្រាប់​កសិកម្ម ។ បញ្ហា​មួយ​ទៀត​គឺ​ការ​ព្យាករណ៍​តាម​រដូវ​ធ្វើ​ឡើង​សម្រាប់​រយៈពេល​៣​ខែ ដែល​យូរ​ពេក​សម្រាប់​ការ​អនុវត្ត​ការ​ដាំដុះ ។ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រាកដ​ថា​តើ​ការ​ព្យាការណ៍​ទាំង​នេះ​នឹង​មាន​ ប្រយោជន៍​ប៉ុណ្ណា​សម្រាប់​តំបន់​ជាក់លាក់​មួយ​ចំនួន ។

អ្នកស្រី Jeanne Schneider រក​ឃើញ​ថា​ ការ​ព្យាករណ៍​របស់ NOAA អំពី​សីតុណ្ហភាព​ខ្ពស់​ជាង​មធ្យមភាគ​មាន​ផលប្រយោជន៍​សម្រាប់​កសិកម្ម​នៅ​ ក្នុង​រដ្ឋ​ដែល​មាន​ផ្ទៃដី​ទាប​ចំនួន​៤៨ ។ ប៉ុន្តែ​អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា «បច្ចុប្បន្ន​ នេះ ការ​ព្យាករណ៍​អំពី​សីតុណ្ហភាព​ត្រជាក់​ជាង​មធ្យមភាគ​ជាទូទៅ​មិន​អាច​ ជឿទុកចិត្ត​បាន​សម្រាប់​ការ​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស» ។

ការ​ព្យាករណ៍​សម្រាប់​ស្ថានភាព​សើម​ជាង ឬ​ស្ងួត​ជាង​មធ្យមភាគ​មាន​ប្រយោជន៍​បំផុត​នៅ​ភូមិភាគ​ដែល​ទទួល​រង​នូវ​ ឥទ្ធិពល​បាតុភូត El Niño ឬ La Niña លើ​ការ​ធ្លាក់​ទឹក​ពី​លើ​មេឃ (ភ្លៀង ទឹក​កក និង​សន្សើម) មាន​ប្រមាណ​១០%​នៃ​រដ្ឋ​តំបន់​ទំនាប​ទាំង​៤៨ ។ នៅ​ក្នុង​ភូមិភាគ​ទាំង​នេះ ការ​ព្យាករណ៍​អំពី​ការ​ធ្លាក់​ទឹក​ពី​លើ​មេឃ​តាម​រដូវ​អាច​ជា​ជំនួយ​ដល់​​ កម្មវិធី​ធានា​រ៉ាប់រង​ការ​ដាំដុះ​ដំណាំ និង​សហគ្រាស​កសិកម្ម​ដទៃ​ទៀត​ដែល​ប្រតិបត្តិការ​ក្នុង​ទំហំ​ថ្នាក់​ ភូមិភាគ ។

អ្នកស្រី Jeanne Schneider និង​វិស្វករ​អ៊ីដ្រូលីក​នៃ​ ARS លោក Jurgen Garbrecht បន្ត ​ធ្វើការ​ជាមួយ NOAA ដើម្បី​បំពេញ​តម្រូវការ​របស់​កសិករ និង​អ្នក​ដទៃ​ទៀត​ដែល​ប្រើប្រាស់​ការ​ព្យាករណ៍ ។ ការ​ព្យាករណ៍​បាន​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​ការ​រីកចម្រើន​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ធ្វើ​ឡើង ។

 

ជំហាន​បន្ទាប់​គឺ​បញ្ចូល​ការ​ព្យាករណ៍​ទៅ​ក្នុង​គំរូ​កុំព្យូទ័រ

លោក Jurgen Garbrech អ្នកស្រី Jeanne Schneider និង​អ្នក​ឯកទេស​អ៊ីដ្រូលីក​របស់ ARS លោក John Zhang កំពុង​ស្រាវជ្រាវ​ពី​វិធី​ដើម្បី​អនុវត្ត​ការ​ព្យាករណ៍​បរិយាកាស​តាម​រដូវ​ នៅ​ក្នុង​កម្រិត​កសិដ្ឋាន​ដោយ​អភិវឌ្ឍ​គំរូ​កុំព្យូទ័រ​សម្រាប់​បរិយាកាស​ជា ​ជំនួយ​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត ។

អ្នកស្រី Jeanne Schneider បាន​អភិវឌ្ឍ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​បង្រួម​ការ​ព្យាករណ៍​តាម​រដូវ​មក​ ត្រឹម​​កម្រិត​កសិដ្ឋាន និង​រៀបចំ​ការ​ព្យាករណ៍​ទាំង​នោះ​ជា​ឈុត​សម្រាប់​១​ខែៗ ។ លោក Jurgen Garbrecht កែសម្រួល​កម្មវិធី Software ដែល​បាន​បង្កើត​ឡើង​ដោយ ARS ដើម្បី​បង្កើត​ជា​លទ្ធផល​អាកាសធាតុ​ប្រចាំ​ថ្ងៃ ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យារកណ៍​បរិយាកាស​ប្រចាំ​ខែ​ទាំងនោះ ។ រីឯ​លោក John Zhang អភិវឌ្ឍ​គំរូ​ការ​ប្រើប្រាស់​ស្រូវ​សាឡី​នៅ​រដូវ​ធ្លាក់​ទឹក​កក​​ដើម្បី​វាយ ​តម្លៃ​ពី​សក្ដានុពល​ផល​ប៉ះ​ពាល់​នៃ​ការ​ព្យាករណ៍​តាម​រដូវ​ទាំង​នេះ​លើ​ ផលិតកម្ម​ចំណី​សត្វ សាច់​គោ និង​ធញ្ញជាតិ ។ បន្ទាប់​មក ព័ត៌មាន​ទទួល​បាន​ពី​ការ​ព្យាករណ៍​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប៉ាន់​ ប្រមាណ​ឱកាស​ផលិត​ចំណី​សត្វ ទិន្នផល​ដំណាំ ដើម្បី​សម្រប​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​ដាំដុះ កាត់​បន្ថយ​ហានិយភ័យ​ពាក់ព័ន្ធ​នឹង​បរិយាកាស និង​ដើម្បី​បង្កើន​ប្រាក់​ចំណេញ ។

អ្នកស្រី Jeanne Schneider មាន​ប្រសាសន៍​ថា «ដោយ ​មាន​ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាការណ៍​ក្នុង​កម្រិត​ដ៏​លឿន កសិករ​ និង​ម្ចាស់​កសិដ្ឋាន​ អាច​សង្ឃឹម​ពី​ការ​បន្ត​រីកចម្រើន ។ ការ​ធ្វើ​បង្ហាញ​អំពី​ការ​អនុវត្ត​ពី​ការ​ដាំដុះ​ជាក់លាក់​នៅ​តាម​ភូមិភាគ​ នានា​ដែល​បច្ចុប្បន្ន​ទទួល​ផល​ពី​ការ​ព្យាករណ៍​ទាំង​នេះ​ អាច​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​ការ​សាយភាយ​ប្រើ​ប្រាស់​នៅ​កន្លែង​ដទៃ​ ទៀត ខណៈ​ដែល​ការ​ព្យាករណ៍​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង» ៕ អត្ថបទ​ដោយ By Don Comis, ARS.

បកប្រែនិងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA Agricultural Research/November-December 2009

 
About these ads

About ឈូកខ្មែរ

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in កសិកម្ម, វិទ្យាសាស្ត្រ​ថ្មី. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s