ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​ បញ្ចស័ក​​ ២០១៣

ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំម្សាញ់​ បញ្ចស័ក​​ ២០១៣

មហាសង្រ្កាន្ត

ឆ្នាំម្សាញ់​ បញ្ចស័ក

ចុល្លសករាជ​ ១៣៧៥ មហាសករាជ​ ១៩៣៥

ពុទ្ធសករាជ ២៥៥៧ គ្រិស្តសករាជ ២០១៣

សុភមស្ត ! វរមង្គលាជយាតិរេក

ឆ្នាំម្សាញ់​ បញ្ចស័ក​​ ២០១៣

ព្រះពុទ្ធសករាជ​ព្រះសាសនា អតិក្កនា្ត​កន្លង​ទៅ​ហើយ​បាន​ ២៥៥៦ ព្រះវស្សា​ត្រឹម​ថ្ងៃ​ពេញបូណ៌មី​ខែ​ពិសាខ​ លុះ​ដល់​ថ្ងៃ​១​រោច ខែ​ពិសាខ​ ​ចូល​ព្រះពុទ្ធសករាជ​ ២៥៥៧ ព្រះវស្សា​ត​ទៅ ។

នឹង​គណនា​ឆ្នាំម្សាញ់​ឥឡូវ​នេះ​ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ​ ៤​កើត ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា​ ឆ្នាំ​២០១៣ វេលា​ម៉ោង​ ២:១២​នាទី​ រំលង​អធ្រាត្រ​ នោះ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី ទៅ​ស្ថិត​នៅ​មេសរាសី​ ដើរ​តាម​គោវិថី​ គឺផ្លូវ​កណ្តាល​ ទើប​មាន​ទេព​ធីតាមួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះនាម​ ទុង្សាទេវី គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម​ សៀត​ផ្កា​ទទឹម​ គ្រឿង​ប្រដាប់​បទុមរាគ​ ភក្សាហារ​ផ្លែ​ឧទុម្ពរ​ (ផ្លែ​ល្វា) ព្រះ​ហស្ដ​ស្តាំ​ទ្រង់​កង​​ចក្រ​ ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ស័ង្ខ​ គង់លើ​គ្រុឌ​ ជា​ពាហនៈ នាំ​អស់​ពួកទេព​និករ​បវរកញ្ញា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហាកែវ​ឈ្មោះ​ ធម្មមាលី​ នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ដែល​ប្រតិស្ឋាន​ទុក​ព្រះសិរសា​កបិល​មហា​ព្រហ្ម តម្កល់​លើ​ពាន​មាស​ នាំ​ចេញ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​សុមេរុរាជ​ជុំ​ចក្រវាឡ​ តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ជា​គម្រប់​៦០​នាទី ហើយ​ដង្ហែ​ចូល​ទៅ​តម្កល់​ទុក​ដូច​ដើម​វិញ​ ទើប​ប្រជុំ​ទេវ​បុត្រ​ទេវ​ធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅស្រង់​ទឹក​អនោតត្ត​មហាស្រះ​ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្មកែវ​ទាំង​៧ ជា​មាត់​គោឧសភរាជ​ ត្រជាក់​ត្រជុំ​ក្សេមក្សាន្ត​ព្រះ​ហឫទ័យ ទើប​នាំ​គ្នា​ចូល​ទៅ​សមាទាន​សីល​ ដោយ​ព្រះ​ទ័យ​សោមនស្ស​រីករាយ​គ្រប់ៗ​អង្គ​ ក្នុង​ភគវតី​សភា​ដែល​វិសកម្ម​ទេវបុត្រ​និមិ្មត​ថ្វាយ​ ហើយ​បន្ទោបង់​នូវ​អពមង្គល​ឱ្យ​ជ្រះស្រឡះ ចម្រើន​នូវ​សុភមង្គល​ សិរីសួស្តី​ ជន្មាយុ​យឺនយូរ​តរៀង​ទៅ ។

  • ថ្ងៃ​អាទិត្យ​ ៤​កើត​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​១៤ ខែមេសា​ ឆ្នាំ​២០១៣ ម៉ោង​២:១២​នាទី​រំលង​អធ្រាត្រ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង (ថ្ងៃ​មហា​សង្ក្រាន្ត) ។
  • ថ្ងៃចន្ទ​​ ៥​កើត​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​១៥​ ខែមេសា​ ឆ្នាំ​២០១៣ ជា​ថ្ងៃ​វ័នបត ។
  • ថ្ងៃ​អង្គារ ៦កើត ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​១៦ ខែមេសា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ឡើងស័ក ។

គម្រប់​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ ចូល​ជា​សកល​ឆ្នាំ​ម្សាញ់​ត​ទៅ ។

ក្នុងឱកាស​សង្រ្កាន្ត​ទាំង​បី​ថ្ងៃ​នេះ​ សូម​អស់​ជនានុជន​ប្រុសស្រីទាំង​ឡាយ​រៀបចំ​គ្រឿង​សក្ការបូជា មាន​ទៀន​ធូប​ ផ្កាភ្ញី​ ថ្វាយ​ព្រះរតនត្រ័យ​ និង​នំ​ចំណី​មាន​ផ្លែឈើ​ជាដើម​ជូន​មាតា​បិតា​ អាណាព្យាបាល​ជា​បុព្វការី​ ព្រម​ទាំង​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​ ហើយ​ខិត​ខំ​លះ​បង់​នូវ​ចិត្ត​អាក្រក់​ ជាចិត្ត​ប្រកប​ដោយ អភិជ្ឈា​ ព្យាបាទ មិច្ឆាទិដ្ឋិ​ ឱ្យ​ជ្រះ​ស្រឡះ​ ចម្រើន​ឡើង​វិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា​ និង​ព្រហ្មវិហារធម៌​គឺ​ មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​ រក្សាសីល​តាម​ប្រពៃណី​ឱ្យ​បាន​ជាប់​ជានិច្ច​ នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ​ លោកអ្នក​នឹង​ទទួល​សិរីសួស្តី​ សុភមង្គល​ វិបុលសុខ​គ្រប់​ប្រការ​ ប្រកប​ការ​ងារ​បាន​ត្រជាក់​ត្រជុំ​អាយុ​យឺនយូរ​តរៀង​ទៅ ។

រណ្តាប់ទទួលទេវតា

រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​មាន ​រាន​ទទួល​ទេវតា​មួយ​សម្រាប់​តាំងគ្រឿង​ពលីការ​ផ្សេងៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀប​បាយសី​៩​ថ្នាក់​មួយ​គូ បាយសី​៧​ថ្នាក់​មួយ​គូ បាយសី​៥​ថ្នាក់​មួយ​គូ បាយសី​៣​ថ្នាក់​មួយ​គូ បាយសី​ប៉ាក់​ឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹកអប់​មួយ​គូ ទៀន​៥ ធូប​៥ លាជ​៥ ផ្កា​៥ បារី​ស្លាម្លូ​ដាក់​លើ​ជើងពាន​មួយ​ ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) ​និង​ដូងឡៅ​មួយ​គូ ។

ទំនាយ​ប្រចាំ​ឆ្នាំ

  • កេណ្ឌពិរុណសាស្រ្ត ឆ្នាំនេះ​ព្រះសុក្រ​ជា​អធិបតី​ មាន​នាគ​មួយ​បង្អុរ​ភ្លៀង​៦០០​មេ ។ ភ្លៀង​ធ្លាក់​នៅ​ចក្រវាឡ​ ២៤០​មេ ហិមពាន្ត​ ១៨០​មេ មហាសមុទ្រ​ ១២០​មេ ជម្ពូទ្វីប​មនុស្ស​លោក​៦០​មេ ។ ភ្លៀង​ដើម​ឆ្នាំ កណ្តាល​ឆ្នាំ ចុង​ឆ្នាំ​ ល្អ​ដូច​គ្នា ។
  • កេណ្ឌ​ធារាទិគុណ ឆ្នាំនេះ​អាបោធាតុ​ចុះ​អាកាសធាតុ​ត្រជាក់​ មាន​ព្យុះ​ច្រើន​ដង​ ទឹក​តាម​ទន្លេ​ ស្ទឹង​ ច្រើន​បរិបូណ៌ ។
  • កេណ្ឌធុញ្ញាហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​​មាន​​ឈ្មោះ​ថា​ លាភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​ផល​៩​ភាគ ខូច​​បង់​មួយ​ភាគ​ ស្រែ​ទំនាប​បាន​ផល​ល្អ​ និង​ស្រែ​ទួល​បាន​ផល​មធ្យម​ ផ្លែ​ឈើ​ និង​ដំណាំ​ផ្សេង​ៗ​បាន​ផល​បរិបូណ៌ ។​
  • អាសាឡ្ហបូជា នៅ​ថ្ងៃ​១៥​កើត​ ខែអាសាឍ​ ត្រូវ​នឹង​ថ្ងៃ​​ចន្ទ ទី​២២ ខែកក្កដា​ ឆ្នាំ​២០១៣ ថ្ងៃ​កំណើត​សរណគម​ជា​គម្រប់​បី ។
  • ចូល​ព្រះវស្សា នៅ​ថ្ងៃ​១​រោច ខែអាសាឍ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកក្កដា​ ឆ្នាំ​២០១៣ ជា​វារៈមហាធិក​ បាន​ឫក​២១ តិថី​១៦ ជា​កាល​វស្សានរដូវ​ ត្រូវ​តាម​ប្រពៃណី​ពី​បុរាណ​ព្រេងនាយ​ហោង ។​
  • ភ្ជុំបិណ្ឌ ថ្ងៃ​១៥​រោច​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែតុលា​ ឆ្នាំ២០១៣ ។
  • អស្សុជបូជា នៅ​ថ្ងៃ​១៥​កើត​ ខែ​អស្សុជ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទី​១៩ ខែ​តុលា​ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ចុះ​ពី​សម្ដែង​ព្រះអភិធម្ម​ប្រោស​ពុទ្ធមាតា ។
  • ចេញ​វស្សា ថ្ងៃ​សៅរ៍ ១៥​កើត ខែអស្សុជ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០១៣ ។​
  • កឋិនកាល ចាប់ពី​ថ្ងៃ​១​រោច​ ខែអស្សុជ​ រហូត​ដល់​ថ្ងៃ​១៥​កើត​ ខែ​កត្តិក​ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​តុលា​ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ជា​កាល​វេលា​នៃ​កឋិន​ទាន​ (មាន​២៩​ថ្ងៃ) ។​
  • ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប សំពះ​​ព្រះខែ​ និង​អក​អំបុក ថ្ងៃ​១៤-១៥​កើត​ និង​ ១រោច ខែ​កត្តិក​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦-១៧-១៨ ខែវិច្ឆិកា​ ឆ្នាំ​២០១៣ ។
  • មាឃបូជា ថ្ងៃ​១៥​កើត ខែមាឃ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ។
  • វិសាខបូជា ថ្ងៃ​១៥​កើត​ ខែពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៣ ។
  • ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ ឆ្នាំ​២០១៣ ។
ដក​ស្រង់​ចេញ​ពី​សៀវភៅ​មហាសង្ក្រាន្ត ដែល​បោះពុម្ព​ដោយ​គណៈកម្មការ​វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀមទម្លាប់​នៃ​ក្រសួង​ធម្មការ​ និង​សាសនា
ផ្សាយ​ដំបូង​ដោយ ebudinst.wordpress.com
 
About these ads

About Chouk Khmer

...ផ្ដល់​ចំណេះដឹង​សកល​ជា​ភាសា​ជាតិ
This entry was posted in អរិយធម៌​ខ្មែរ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s