ប្រវត្តិសាស្ត្រខ្មែរ-យោបល់​រួម

ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រខ្មែរដោយ រស់ ចន្ត្រាបុត្រ

ភាគ​រឿងព្រេងនិទាន

យោបល់​រួម

ប្រវត្ដិសាស្ដ្រ ​ខ្មែរ​ ​ក្នុង​ផ្នែក​រឿងនិទាន​ ​ទោះបីជា​កន្លែង​ខ្លះ​ ​មាន​លក្ខណៈ​និង​ភាព​ជា​អច្ឆរិយ​និយម​អស្ចារ្យ​ក៏​ដោយ​ ​ក៏​ស្ថិត​នៅ​ជា​សក្ខីភាព​មួយ​យ៉ាង​សំខាន់​ដែរ​ ​ចំពោះ​អតីតកាល​ដ៏​ត្រចះត្រចង់​ ​រុងរឿង​ថ្កុំថ្កើង​របស់​ខ្មែរ ។

ការ ​រីក​ចម្រើន​របស់​ប្រទេស​ខ្មែរ​ ​ដែល​កើត​ចេញ​មាន​រូបរាង​លើ​ពិភពលោក​ ​និង​ក្លាយទៅជា​មហាអំណាច​ ចក្រភព​មួយ​ ​ក្នុង​អាស៊ី​ ​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ ។​ ​គឺ​ពិតជា​ការ​ខំប្រឹង​ប្រែង​រៀនសូត្រ​ ​សំភី​ហាត់​ហ្វឹកហ្វឺន​ ​តស៊ូ​ព្យាយាម​ស្វិតស្វាញ​ ​អំណត់​សង្កត់ចិត្ដ​ ​និង​បញ្ចេញ​អស់​នូវ​សមត្ថភាព​ ​អស់​នូវ​កម្លាំងចិត្ដ​កម្លាំងកាយ​ ​ប្ដេជ្ញា​ប្ដូរផ្ដាច់​ធ្វើ​ពលីកម្ម​ ​បូជាជីវិត​របស់​ដូនតា​ខ្មែរ ។​ ​ដូនតា​ខ្មែរ​ ​មិនមែន​ល្ងង់​ទេ ! អ្នក​ដែល​ល្ងង់ខ្លៅ​ ​អន់​ខ្សោយ​ ​អវិជ្ជា​ ​និង​គ្មាន​សមត្ថភាព​នោះ​ ​គឺ​យើង​ជា​កូនចៅ​ជំនាន់​ក្រោយ​ ​ដែល​រហូត​មក​ដល់​ថ្ងៃនេះ​ ​យើង​មិន​ចេះ​រៀបចំ​សង្គម​ជាតិ​ ​មិន​ចេះ​ថែរក្សា​កេរ្ដិ៍ដំណែល​គាត់​អាយ​បាន​គង់​វង់ ។​

ព្រះបាទ ​សម្ដេច​កុម៉ែរាជ្យ​ ​ឬ​ព្រះថោង​ ​និង​នាងនាគ​ ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ ​ដោយ​មាន​ជំនួយ​ពី​ប្រជារាស្ដ្រ​ ​ពល​សេនា​បរិវារ​ ​និង​ស្ដេច​ភុជង្គនាគ​ដែល​បាន​បង្ខះ​ពង្រីង​ទឹក​ ​បាន​រៀបចំ​ឲ្យ​កកើត​ជា​ ​នគរ​គោក​ធ្លក​ ​ទុកជា​ចំណង​ដៃដល់​កូន​ខ្មែរ ។​ដើម្បី​ឲ្យ​បាន​សម្រេច​ភោគផល​ដ៏​ ឧត្តុង្គឧត្ដម​ ​គេ​ត្រូវ​តែ​ខំប្រឹង​ប្រែង​តស៊ូ​ព្យាយាម​ ​ប្រើ​គ្រប់​អស់កម្លាំង​កាយ​កម្លាំងចិត្ដ​ ​យកដៃ​ទាំង​ពីរ​ទៅ​ធ្វើ​សកម្មភាព​ ​ទៅ​បំពេញការងារ​ ​ដូចដែល​ព្រះ​ទេវង្សអស្ចារ្យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៦​ ​និង​ព្រះ​អគ្គមហេសី​ព្រះ​នាង​ទាវ​ ​ព្រះ​អង្គ​ធ្លាប់​បាន​បង្ហាញ​ជា​គំរូ​ស្រាប់ ។​ ​តា​ព្រហ្ម​ឈ្មួញ​គោ​ ​ក៏​បាន​បំពេញ​ ​និង​បញ្ចេញ​អស់​សមត្ថភាព​ផ្ទាល់ខ្លួន​ដែរ​ ​ក្នុង​ការ​កសាង​ជីវិត​ក្រុម​គ្រួសារ ។​ ​ចាប់​ផ្ដើមដំបូង​កវែក​កឆ្នាំង​ពី​មាន​គោមួយ​នឹម​ ​រហូត​ដល់​មាន​គោ​រាប់រយ​ក្បាល​ ​មាន​ខ្ញុំកំដរ​ប្រុស​ស្រី​ ​រាប់រយ​នាក់ ។​ ​តា​ព្រហ្ម​ឈ្មួញ​គោ​ដែល​ជា​កូន​រាស្ដ្រ​សាមញ្ញ​សោះ​ ​បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ ។​

បន្ថែម​លើស​ពី ​នេះ​ទៅ​ទៀត​ ​ដើម្បី​ពង្រឹង​ទឹកដី​ជាតិ​ជា​កេរ្ដិ៍​ ​ឲ្យ​បាន​មុតមាំ​រឹងប៉ឹង​ ​ដូនតា​ខ្មែរ​បាន​រៀបចំ​ទុកដាក់​ឲ្យ​មាន​ក្បួនខ្នាត​ ​មាន​សីលធម៌​ ​កើត​ចេញ​ជា​ច្បាប់​ ​ជា​វិន័យ​ ​ជា​ស្ថាប័ន​ ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ជាតិ ។​ ​អ្នក​កាន់​អំណាច​នីមួយៗ​ ​ត្រូវ​តែ​ប្រកាន់​គោរព​ ​និង​អនុវត្ដ​ធ្វើ​តាម​ឲ្យ​បាន​ខ្ចប់​ខ្ជួន​ ​ដោយ​គ្មាន​លម្អៀង ។​ ​គឺ​ដូច​ដែល​ព្រះ​ឥន្ទ្រាធិរាជ​ ​ព្រះ​អង្គ​បាន​រៀបចំ​ប្រទេស​កម្ពុជា​ទុក​ថ្វាយ​ព្រះ​កេតុមាលា​ ​ព្រះមហាក្សត្រ​ទី​៦​ ​ដើម្បី​កុំឲ្យ​ខ្មែរ​ធ្លាក់​ចូល​ទៅ​ក្នុង​របប​អំណាច​ផ្ដាច់​ការ​ ​អយុត្ដិធម៌​ ​គ្មាន​មនុស្សធម៌​ ​ដែល​ជា​មូលហេតុ​នាំ​មក​នូវ​គ្រោះកាច​ភយន្ដរាយ​ ​វិនាស​សាបសូន្យ ។​

ព្រះមហាក្សត្រ ​ ​ឬ​អ្នក​នាំ​ប្រទេស​ជាតិ​ ​ត្រូវ​តែ​មាន​សេចក្ដី​ក្លាហាន​ ​ហ៊ាន​ទទួលស្គាល់​នូវ​អស់​សមត្ថភាព​របស់​ខ្លួន​ ​ហ៊ាន​ចុះ​ដើរ​ចេញ​អំពី​អំណាច​ ​ទុក​កន្លែង​ឲ្យ​អ្នកមាន​បុណ្យ​ ​ឬ​អ្នកមាន​សមត្ថភាព​ ​គេ​មក​ធ្វើការ​បម្រើ​ទឹកដី​ជំនួស ។​ ​ឧទាហរណ៍​ជាក់ស្ដែង​ ​គឺ​ស្ដេច​ដំបង​គ្រញូង​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៧​ ​ដែល​សុខចិត្ដ​ចុះ​ពីលើ​រាជបល្ល័ង្ក​ ​កាលបើ​យល់​ ​និង​ដឹង​ច្បាស់​ថា​ខ្លួន​អស់បុណ្យ​ ​គ្មាន​សមត្ថភាព​ ហើយ​អ្នកមាន​បុណ្យ​ថ្មី​ក៏​មក​ដល់ ។​ ​ព្រះ​អង្គ​បាន​ក្រាបថ្វាយបង្គំ​ពញាក្រែក​សុំ​ចុះចាញ់​ប្រគល់​អំណាច​ ​និង​រាជសម្បត្តិ​ ​ហើយ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ស្រុក​ឆ្ងាយ ។​ ​នេះ​គឺ​ដើម្បី​កុំឲ្យ​មាន​សង្គ្រាម​ទុក​ឲ្យ​ប្រជានុរាស្ដ្រ​ ​និង​ជាតិ​មាតុភូមិ​បាន​ស្គាល់​ ​ក្រេប​ជ​ញ្ជា​ក់​នូវ​សេចក្ដីសុខ​សន្ដិភាព ។​ ​ដើម្បី​សុខ​សន្ដិភាព​របស់​ប្រជានុរាស្ដ្រ​ដូច​គ្នា​នេះ​ដែរ​ ​ដើម្បី​ជៀសវាង​កុំឲ្យ​កើត​មាន​សង្គ្រាមស៊ីវិល​ ​ប្រកាប់ប្រចាក់​សម្លាប់​តែ​រវាង​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង ​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​សម្រេចចិត្ដ​គេចវេះ​រត់ទៅ​ពួន​ ​លាក់ខ្លួន​រស់នៅ​ក្នុង​ព្រៃ​ភ្នំ​ព្រះ​ប្រសិទ្ធ ។​ ​ព្រះ​អង្គ​មិន​ព្រម​បង្កបង្កើត​លើកទ័ព​ទៅ​ធ្វើ​ចម្បាំង​រាំងជល់​ ​តទល់​និង​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះ​សន្ធព​អនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៨​ឡើយ ។​ ​ទោះបីជា​ក្សត្រ​អង្គ​នេះ​ ​ដែល​មាន​ឪពុក​តែ​មួយ​ជាមួយ​គ្នា​ ​បាន​តាម​ដេញចាប់​សម្លាប់​ព្រះ​អង្គ​ ​ពុំដែល​ឈប់​ឈរ​ក៏​ដោយ ។​ ​ព្រះមហាក្សត្រ​ខ្មែរ​ ​និង​អ្នកដឹកនាំ​ខ្មែរ​ជំនាន់​ដើម​បាន​ចាត់​ទុក​បញ្ហា​អាយុជីវិត​ ​ជោគវាសនា​ប្រជាជាតិ​ ​ពលរដ្ឋ​ ​ជា​ធំ​ជាង​បញ្ហា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

ក្នុង​ ឋានៈ​ខ្លួន​ជា​ស្ដេច​ ​អ្នកដឹកនាំ​ប្រទេស​ជាតិ​ ​គេ​ត្រូវ​តែ​គោរព​ប្រកាន់​នូវ​ពាក្យ​សច្ចៈ​ ​ទោះបីជា​គេ​ត្រូវ​ព្រាត់ប្រាស់​ ​ត្រូវ​បូជា​អាយុជីវិត​ ​និង​អ្វី​ជាទី​សក្ការៈ​របស់​គេ​ក៏​ដោយ ។​ ​បើ​ពុំនោះសោត​ទេ​ ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះមហាក្សត្រ​ ​ឬ​អ្នកដឹកនាំ​បាន​និយាយ​ពោល​ចេញ​មក​នោះ​ ​បែរជា​គ្មាន​តម្លៃ​ ​គ្មាន​ខ្លឹមសារ​ ​គ្មាន​ន័យ​អ្វី​ទាំងអស់ ។​ ​ដែល​ជា​បុព្វហេតុ​ធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​ ​និង​កិត្យានុភាព​របស់​ប្រទេស​ជាតិ​ ​ហើយ​ដែល​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​ប្រភេទ​ ​ដែល​គេ​មិន​អាច​វាស់​ប៉ាន់ស្មាន​បាន ។​ ​ព្រះមហាក្សត្រ​ ​ឬ​អ្នកនយោបាយ​ ​មិនមែន​អាង​ខ្លួន​មាន​អំណាច​ ​កាន់​ក្ដាប់​ទ័ព​ ​មាន​អាវុធ​ ​ចេះ​តែ​ផ្លាស់​ប្ដូរ​ពាក្យ​សម្ដី​ ​ភូតភរ​កុហក​ ​បោកប្រាស​ប្រជាពលរដ្ឋ​ល្ងង់ខ្លៅ​ ​តាមតែ​ទំនើងចិត្ដ​ខ្លួន​នឹកឃើញ​នោះ​ទេ ។​ ​ថ្ងៃមួយ​ ​រាស្ដ្រ​ដែល​ល្ងង់ខ្លៅ​ទាំងនេះ​ ​អាច​មានចំណេះ​វិជ្ជា​ ​ចេះ​ត្រិះ​រិះ​ពិចារណា​ ​ស្គាល់​គ្រប់​ហេតុផល ។​ ​ឯ​ប្រវត្ដិសាស្ដ្រ​វិញ​ ​ក៏​កត់ត្រា​ចង​ចាំ​ចារ​ជាប់​ក្នុង​ដួង​ព្រលឹង​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​ ដែរ ។​ ​ព្រោះតែ​ពាក្យ​សច្ចៈ​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ត្រូវ​តែ​បូជាជីវិត​លោកតា​គហេ​ ​អ្នក​មានគុណ​របស់​ព្រះ​អង្គ ។​

ដោយសារ ​តែ​ព្រះ​មហាក្សត្រ​ខ្មែរ​ ​អ្នកដឹកនាំ​ខ្មែរ​ទាំង​តូច​ទាំង​ធំ​ ​គ្រប់​ជាន់ថ្នាក់​ទូទៅ​ក្នុង​ប្រទេស​ គោរព​កោតខ្លាច​ ​ប្រកាន់ពាក្យ​ពេចន៍​បណ្ដាំ​ ​ក្បួនខ្នាត​គម្ពីរ​ ​ក្រឹត្យ​វិន័យ​ ​ដែល​ដូនតា​បាន​កំណត់​ទុក​មក​ ​ទើប​បានជា​ប្រទេស​ខ្មែរ​បាន​ជួប​ ​ស្គាល់​តែ​ជោគជ័យ​ជំនះ​ឈ្នះ​អស់​គ្រប់​ទិស​ទី​ ​មាន​អរិយធម៌​ល្អ​ខ្លាំងក្លា​ ​រុងរឿង​ខ្ពង់ខ្ពស់​ ​លេច​ត្រ​ដុំ​ត្រដែត​ភ្លឺ​ជះ​ចិញ្ចាចចញ្ចែង​ហើយ​ក្លាយទៅជា​មហាចក្រ​មួយ​យ៉ាង ​ធំ​ ​នៅ​ជ្រោយ​សុវណ្ណភូមិ ។​

នាកាល​សម័យ​នោះ​ ​ទឹកដី​ខ្មែរ​មាន​ទំហំ​ធំ​ទូលំទូលាយ​ ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អគ្នេយ៍​ ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចិន​ ​និង​ភូមា​ ​គ្របដណ្ដប់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ ​ប្រទេស​សៀម​ ​ប្រទេស​លាវ​ ​និង​ទឹកដី​វៀតណាម ។​ ​ប្រទេស​ខ្មែរ​ជា​មហាអំណាច​មួយ​យ៉ាង​ល្បីល្បាញ​ ​មាន​កិត្យានុភាព​លាន់ឮ​រន្ទឺ​សុះសាយ​ទៅ​គ្រប់​ទិស​ទី ។​ ​ប្រជានុរាស្ដ្រ​ខ្មែរ​គ្រប់​ខេត្ដ​ខណ្ឌ​រស់នៅ​ដោយ​សុខ​សន្ដិភាព​សប្បាយ​ រីករាយ​ក្សេមក្សាន្ដ​ ​ចម្រុងចម្រើន​សម្បូរ​សប្បាយ ។​

ថ្ងៃ ​ណា​ ​ដែល​ស្ដេច​ខ្មែរ​ ​អ្នកដឹកនាំ​ ​និង​អ្នកនយោបាយ​ខ្មែរ​ ​បំភ្លេច​បំពាន​រំលោភ​ ​មិន​គោរព​តាម​ក្បួនតម្រា​ ​ក្រឹត្យ​វិន័យ​ផ្ដាំផ្ញើ​ណែនាំ​របស់​ដូនតា​ ​ហើយ​គ្មាន​សមត្ថភាព​ ​អវិជ្ជា​ ​អយុត្ដិធម៌​ប្រើ​អំណាច​ផ្ដាច់​ការ​ ​មិន​គិតគូរ​ការពារ​ថែរក្សា​ផល​ប្រយោជន៍​ជាតិ​ ​ហើយ​បាន​ត្រឹមតែ​អួត​ក្អេងក្អាង​ឡូឡា​ ​និង​លក់ដូរ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រទេស​ជាតិ​ ​ថ្ងៃ​នោះ​ខ្មែរ​ជួប​ប្រទះ​តែ​វិបត្តិ​ ​អន្ដរកប្ប​ ​មហន្ដរាយ​ ​គ្រោះកាច​ចង្រៃ​ ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ​ចុះ​ឱន​ថយ​ទ្រុឌ​ទ្រោម​ជានិច្ច​និរន្ដ ។​

ដោយសារ​ គ្មាន​ទសពិធរាជធម៌​ ​ស្ដេច​គម្លង់​ ​ឬ​ព្រះ​ស័ង្ខច័ក្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៥​ ​បាន​ធ្វើ​ឲ្យ​ក្រុម​មន្ដ្រី​នាគ​ក្ដៅក្រហាយ​ ​ខឹងសម្បា​មិន​សប្បាយចិត្ដ​ ​នាំ​គ្នា​រត់​ចោល​ឈប់​នៅ​ជួយ​បម្រើ​ធ្វើការ​ការពារ​នគរ ។​ ​ដោយ​គ្មាន​ហេតុផល​ ​និង​ដោយ​ខ្លាច​ចាញ់​កិច្ចកល​អស់អំណាច​ ​ស្ដេច​គម្លង់​បាន​សម្លាប់​សាមណេរ​ ​ដែល​មាន​បំណង​ល្អ​ ​ចង់​មក​ព្យាបាល​ជម្ងឺ​រោគ​ឃ្លង់​ព្រះ​អង្គ​ឲ្យ​បានជា​សះស្បើយ ។​ ​ស្ដេច​ពាល​ ​ឬ​ព្រះ​សេណ្ណ័ករាជ​ ​ព្រះមហាក្សត្រ​ទី​២៣​ ​ព្រោះតែ​រុយ​ក្បាល​ខៀវ​របស់​កូន​ងាប់​ ​បាន​បញ្ជា​ឲ្យ​សេនា​មន្ដ្រី​យក​កូន​បុរោហិត​ ​ដែល​មិន​ទាន់​ដឹងក្ដី​ ​ទៅ​សម្លាប់​ចោល ។​ ​ភាព​រំជើបរំជួល​ចលាចល​អសន្ដិសុខ​ ​ក៏​កើត​មាន​ក្នុង​គ្រានោះ​ដែរ ។​ ​សូម្បី​តែ​វត្ថុ​ស័ក្ដិសិទ្ធិ​ ​អារក្សអ្នកតា​ ​ទេវតា​ ​ខ្មោច​បិសាច​ ​ក៏​ទ្រាំ​មិន​បាន​ ​រហូត​ទាល់តែ​បង្កើត​ឲ្យ​មាន​បាតុភូត​ផ្សេងៗ​ ​បំផ្លាញ​ពាសពេញ​អស់ទាំង​នគរ ។​ ​ដោយសារ​តែ​ព្រះ​អង្គ​ប្រើ​អំណាច​ផ្ដាច់​ការ​ ​កាច​សាហាវឃោរឃៅ​យង់ឃ្នង​ ​អយុត្ដិធម៌​ ​ឥត​ធម៌​មេត្ដា​ ​គ្មាន​មនុស្សធម៌​ ​គ្មាន​ព្រហ្ម​វិហារធម៌​ ​ខ្វះ​វិចារណញាណ ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ ​លិចលង់​ហិនហោច​វិនាស​អន្ដរាយ​ ​ព្រាត់ប្រាស់​បែកបាក់​ក្រុម​ញាតិ​គ្រួសារ​ ​មានទុក្ខ​វេទនា​ ​ព្រួយ​សោកសង្រេង​គ្មាន​ទីបំផុត ។​ ​បរិយាកាស​នេះ​ ​បាន​ធ្វើ​ឲ្យ​បណ្ដារាស្ដ្រ​ខ្មែរ​គ្រប់​ទិស​តំបន់​ក្នុង​នគរ​ ​ក្ដៅ​ក្រហល់ក្រហាយ​ខឹង​ស្អប់ខ្ពើម​ ​គុំកួន​និង​ព្រះមហាក្សត្រ​ ​ដែល​ជា​កត្ដា​មួយ​បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ ​មក​លើ​រជ្ជកាល​ព្រះ​សីហនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​ ​ដែល​សោយរាជ្យ​បន្ដ ។​ ​ឯ​ព្រឹត្ដិការណ៍​ ​នាយ​ត្រសក់ផ្អែម​បាន​ចាប់​យក​លំពែង​ទៅ​បុះបុក​ចាក់​សម្លាប់​ធ្វើឃាត​ស្ដេច​ សីហនុរាជ​ ​ចំ​ដើមទ្រូង​ ​ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​បញ្ជាក់​ថា​ ​ការ​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ក្រឹត្យ​វិន័យ​ច្បាប់​ខ្មែរ ​ ​ថា​រាស្ដ្រ​ខ្មែរ​កំពុង​តែ​ស្រេកឃ្លាន​ ​រង​ទុក្ខវេទនា​ ​ទាមទារ​រក​យុត្ដិធម៌​ដើម្បី​សុំ​រស់​ជា​អ្នកជា​ ​ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​ប្រេះឆា​គ្នា​ក្នុង​សង្គម​ជាតិខ្មែរ​ដែរ ។​

គឺ ​ចាប់ពី​ពេល​នេះ​ហើយ​ ​ដែល​ចក្រភព​ខ្មែរ​ត្រូវ​បែកបាក់​សាមគ្គី​ ​បែងចែក​ជា​ក្រុម​បដិបក្ខ​ប្រឆាំង​គ្នា​ ​ប្រែ​ក្លាយទៅជា​រួញ​រួម​តូច​ទាប​បាត់បង់​ទឹកដី​ ​ចុះ​អន់​ខ្សោយ​បន្ដិច​ម្ដងៗ ។​ ​ប្រទេស​ជិតខាង​ បក្សពួក​សម្ព័ន្ធ​នានា​ ​ក៏​ឆ្លៀតឱកាស​នេះ​ដើម្បី​រើបង្រះ​ ​វាយប្រហារ​លួច​ប្លន់​ ​លេប​ទឹកដី​ខ្មែរ​ដែរ ។​

ក្នុង ​ពេល​ដែល​មហាអំណាច​ខ្មែរ​កំពុង​តែ​គ្រាំគ្រា​ ​កំពុង​តែ​ចុះ​ឱនថយ​ ​សៀម​ក៏​ចាប់ផ្ដើម​មានកម្លាំង​ ​ក្លាយជា​មហាអំណាច​មួយ​ពង្រីក​ទឹកដី​ក្នុង​ភូមិភាគ​អាស៊ី​ ហ៊ាន​ប្រឈម​មុខ​ធ្វើ​ចម្បាំង​តទល់​នឹង​ខ្មែរ ។​ ​សៀម​ប្រើ​កលល្បិច​គ្រប់​បែបយ៉ាង​ ​ដើម្បី​ឲ្យ​គោលបំណង​គេ​បាន​សម្រេច ។​ ​ដោយសារ​អំណាច​ ​បុណ្យស័ក្ដិ​ ​ប្រាក់​កាស​មាស​ពេជ្រ​ ​ព្រះ​ញាតិវង្ស​ ​និង​មន្ដ្រី​ខ្មែរ​ខ្លះ​ ​បែរជា​វង្វេងវង្វាន់​ឈ្លក់​បាត់ស្មារតី​ ​ទៅ​ឃុបឃិត​នឹង​បរទេស​ ​លក់​ទឹកដី​ដូនតា​ឯង ។​ ​សៀម​វាយ​បំបែក​ដណ្ដើម​យក​ព្រះ​មហានគរ​បាន​ពីរ​ដង ។​ ​សៀម​បាន​លួច​ប្លន់​យក​អស់​ភោគផល​ទ្រព្យសម្បត្តិ​ខ្មែរ​ ​ក្បួន​គម្ពីរ​ អ្នកប្រាជ្ញ​ ព្រះសង្ឃ​ ​និង​ចាប់​កៀរ​កេណ្ឌ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​គ្រួសារ​ ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ។​ ​ស្ដេច​សៀម​បាន​តែងតាំង​កូន​របស់​ខ្លួន​ ​ឲ្យ​សោយរាជ្យ​គ្រប់គ្រង​ ​ត្រួតត្រា​នៅ​ប្រទេស​ខ្មែរ ។​ ​គឺ​ក្នុង​គោលបំណង​ចង់​រំលាយ​ទឹកដី​ខ្មែរ​ ​សាច់ឈាម​ខ្មែរ​ ​ឲ្យ​ក្លាយទៅជា​សៀម​ ​លែងឲ្យ​ខ្មែរ​មាន​លទ្ធភាព​អាច​រើបង្រះ​រួច​ ​ទ្រឹស្ដី​ ​ទស្សនៈ​ ​គោល​គំនិត​ ​និង​គោលបំណង​ចង់​លេប​ត្រួតត្រា​ខ្មែរ​ ​ស្ដេច​សៀម​ ​អ្នកដឹកនាំ​សៀម​ ​អ្នកនយោបាយ​សៀម​ ​តែងតែ​រក្សា​ចិញ្ចឹម​ជាប់​ក្នុង​ជម្រៅ​ចិត្ដ​ជានិច្ច ។​ ​ទោះបីជា​ក្នុង​កាលៈទេសៈ​ ​ឬ​សម័យ​ណាមួយ​ក៏​ដោយ​ ​បើ​មាន​ប្ដូរ​ ​គឺ​ត្រឹមតែ​រូបរាង​ ​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ ។​

ប៉ុន្ដែ ​ ខ្មែរ​តែងតែ​រើបង្រះ​រួច​អំពី​ក្រញាំ​អាណានិគម​សៀម​ ​ហើយ​ខ្មែរ​ក៏​អាច​វាយតប​ ​ត​យក​ជ័យជំនះ​បាន​វិញ​ដែរ​ ​ដែល​ជា​សក្ខីភាព​បញ្ជាក់​ថា​ ​ខ្មែរ​នា​សម័យ​នោះ​ ​ស្ថិត​នៅ​ជា​មហាអំណាច​ក្នុង​ភូមិភាគ​អាស៊ីអគ្នេយ៍​ដដែល​ ​ហើយ​ខ្មែរ​មិន​ទាន់​ធ្លាក់ខ្លួន​រួញ​រាវ​ ​ទន់ខ្សោយ​គួរ​ឲ្យ​អស់សង្ឃឹម​នោះ​ឡើយ ។​ ​ខ្មែរ​នៅ​មានកម្លាំង​ ​មាន​ឥទ្ធិពល​ ​លើកទ័ព​ទៅ​ធ្វើសង្គ្រាម​ ​វាយប្រហារ​ប្រទេស​សៀម​បានជា​ច្រើន​លើក​ទៀត ៕​

 

ត្រលប់ទៅ មាតិការឿង

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s