បណ្ដាំ​តា​មាសអក្ខរាវិរុទ្ធថ្មី

អារម្ភកថា

ស្នាដៃ ​លោកតា​មាស​នេះ គឺ​ជា​ពាក្យ​បណ្ដាំ​ឲ្យ​កូន​ចៅ​ក្រោយ​យក​ទុក​ជា​គតិ​ដកស្រង់​ពី​បទពិសោធន៍​ របស់​លោក​នៅ​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ ។ រឿង​នេះ​ទៀត​សោត គឺ​កញ្ចក់​ឆ្លុះ​មើល​សង្គម​ និង​ប្រវត្តិសាស្ត្រ​ស្រុក​ខ្មែរ​នៅ​សម័យ​នោះ ។ តា​មាស​បាន​រស់​នៅ​ក្នុង​រាជ្យ​ស្ដេច​អង្គចន្ទ ក្សត្រី​អង្គម៉ី ស្ដេច​អង្គឌួង ស្ដេច​នរោត្ដម និង​ដើម​រាជ្យ​ស្ដេច​ស៊ីសុវត្ថិ បាន​សេចក្ដី​ថា លោក​បាន​ស្គាល់​ជីវភាព​ប្រជាជនខ្មែរ​ក្នុង​រជ្ជកាល​៥​រាជ្យ​ស្ដេច​ ខ្មែរ ។ នេះ​ជា​សក្ខីភាព​នៃ​ការ​រស់​នៅ​ក្នុង​កំណត់​កាល​ប្រហែល​៨០​ឆ្នាំ គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​តាម​រយៈ​តាម​មាស​ជា​ប្រជាជន​ម្នាក់ ​ដែល​គ្មាន​ទំនោរ​នយោបាយ ។ លោក​ចង់​ផ្ដាំ​ដល់​ទៅ​ជនានុជន​មាតុភូមិ​ឲ្យ​យល់​ដឹង​ពី​ភាព​តោកយ៉ាក ទុរ្ភិក្ស សង្គ្រាម​រាំងជល ការ​ព្រាត់ប្រាស​គ្រួសារ​បងប្អូន​ប្ដីប្រពន្ធ​កូនចៅ ក្នុង​សម័យ​កាល​មួយ​ដ៏វែង​រហូត​ដល់​សម័យ​អាណាព្យាបាល​បារាំងសែស ។

ដោយ ​អត្ថបទ​បណ្ដាំ​តា​មាស​នេះ ជាអត្ថបទ​នៅ​សតវត្ស​ទី​២០ នៅ​ពេល​ដែល​ប្រទេស​យើង​ចាប់​មាន​អក្សរសិល្ប៍​ជា​លើក​ទី​១​ដែរ គឺ​នៅ​ឆ្នាំ​១៩០៧‑១៩០៨ ។ រោងពុម្ព​អក្សរ​ខ្មែរ​នេះ បាន​ចូល​មក​ភ្នំពេញ​ដំបូង​គឺ​សម្រាប់​បោះពុម្ព​ឯកសារ​រដ្ឋបាល​បារាំង សៀវភៅ​ធម៌​គ្រឹស្តសាសនា និង​អត្ថបទ​សិក្សា​នៃ​ស្ថាប័នវិទ្យាសាស្ត្រ ​ដូចជា សាលា​បារាំង​ចុងបូព៌ាប្រទេស​ជាដើម ។ រឿង​បណ្ដាំ​តា​មាស​នេះ ជា​អត្ថបទ​អក្សរសិល្ប៍​បោះពុម្ព​លើក​ទី​១ បន្ទាប់​ពី​ការ​នាំ​ចូល​នូវ​បច្ចេកទេស​ថ្មី​ទំនើប​នេះ ព្រោះ​ដើម​ឡើយ យើង​ធ្លាប់​តែ​ចម្លង​ដោយ​ដៃ​លើ​ក្រដាស ឬ​ចារ​លើ​ស្លឹក​ត្នោត ស្លឹក​រឹត ។ល។

បណ្ដាំ​តា​មាស

អត្ថបទ​កែសម្រួល​តាម​អក្ខរាវិរុទ្ធ​វចនានុក្រម​ផ្លូវការ

៙នាម​ខ្ញុំ​ឈ្មោះ​មាស ជា​ចាស់​ព្រឹទ្ធាចារ្យ​អាយុ​ជាង ៨០​ឆ្នាំ​ប្លាយ កើត​ក្នុង​ឆ្នាំ​ជូត​សំរឹទ្ធស័ក ចុល្លស័ករាជ​១១៩០ បើ​គិត​ជា​ស័ករាជ​បារាំង ត្រូវ​ថែម​ឡេក​១​ទៀត ទើប​ត្រូវ​នឹង​ឆ្នាំ​១៨២៨ តែង​ជា​ពាក្យ​បណ្ដាំ​នេះ​ទុក​ឲ្យ​កូន​ចៅ​នៅ​ឯ​ក្រោយ​ចូល​ចាំ​គ្រប់​គ្នា និយាយ​ប្រាប់​គ្នា​តៗ​ទៅ ។

កាល​ដើម​ឡើយ​ឪពុក​ខ្ញុំ​ធ្វើ​ជា​បាឡាត់​ខេត្ត​លង្វែក ជា​ខេត្ត​ដែរ​កាលនោះ​ជីតា​ខ្ញុំ​ធ្វើ​ចៅហ្វាយ​ស្រុក នោះ​ខ្ញុំ​ទាន់​ជីតា​ខ្ញុំ គាត់​ច្បាំង​នឹង​យួន កាល​រាជ​ហ្លួង​អង្គ​ម៉ី ហើយ​គាត់​បាត់​បង់​ក្នុង​ទ័ព តមកទៀត​ឪពុក​ខ្ញុំ គាត់​នាំ​កង​ទ័ព​ទៅ​ដេញ​យួនៗ​ក៏​បាក់​រត់​ខ្ចាត់ខ្ចាយ​ទៅ​គ្រប់​ទិស ឯ​ខ្លួន​គាត់​ក៏​បាត់​មិន​ដឹង​ជា​ទៅ​ឯ​ណា មិន​ឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ជីដូន​ខ្ញុំ​គាត់​បាត់​បង់​ជាង​១១​ឆ្នាំ ១២​ឆ្នាំ មុន​ជីតា​ខ្ញុំ នៅ​កណ្ដាល​ផ្លូវ​ដែរ​ទៅ​ពី​បាត់ដំបង​ទៅ​បាងកក ដ្បិត​កាលនោះ​ពួក​កង​ទ័ព​សៀម​កៀរ​គាត់​នាំ​ទៅ​ជា​ឈ្លើយ ឯ​ម្ដាយ​ខ្ញុំ​គាត់​បាត់​បង់​ នៅ​វេលា​ដែរ​យួន​លើក​មក​លុក​ប្លន់​បន្ទាយ​លង្វែក បង​ប្អូន​ប្រុស​ខ្ញុំ​៣​នាក់ អនិច្ចកម្ម​ក្នុង​ទី​ចម្បាំង កាលនោះ​ទៅ​ច្បាំង​ជាមួយ​នឹង​មា​គាត់​២​នាក់ ហើយ​និង​បង​ប្អូន​ជីដូនមួយ​ច្រើន​នាក់ ដែរ​នាំ​ពួក​កង​ទ័ព​ស្រុះ​ចិត្ត​គ្នា​ទៅ​ច្បាំង ឯ​ខ្លួន​ខ្ញុំ​ចូល​ច្បាំង​នឹង​គេ​បាន​៣​ឆ្នាំ ដរាប​ទាល់​តែ​ស្រុក​សាន្តត្រាណ ហើយ​ហ្លួង​អង្គ​ឌួង​ចុះ​សន្យា​ធ្វើ​ជា​ស្ពាន​មេត្រី​នឹង​សៀម​និង​យួន ។

នៅ​វេលា​នោះ​ខ្ញុំ​ក៏​ធំ​មាន​អាយុ​ក្រែល ល្មម​ឃើញ​ស្គាល់​ចាំ​ការ​គ្រប់​ជំពូក​បាន ហើយ​បាន​យល់​ឮ​ច្បាស់​ដែរ​ពួក​តា​ម៉ឺនៗ​គេ​និយាយ​គ្នា​នៅ​ប្រប​ខ្ញុំៗ​ចាំ​បាន​ទាំង​អស់ ។

ស្រុក​កាលនោះ​បាក់​បែក​ក្រ​ទាល់​ក្នុង​មួយ​ភូមិៗ​ រក​ប្រាក់​មួយ​រៀល​គ្មាន រត់​ចោល​ស្រែ​ចម្ការ​ច្បា​ដំណាំ​ខាន​ដាំ​ភ្ជួរ​រាស់​ស្ទូង​ព្រស់​សាប ព្រោះ​ខ្លាច​ក្រែង​យួន​សៀម វា​មក​កំហែង​ច្រូត​យក​ស្រូវ​ក្នុង​ស្រែ ដើម​ដូង​ដើម​ស្លា និង​ដើម​ឈើ​ស៊ី​ផ្លែ​ទាំង​ប៉ុន្មាន កាប់​ចោល​អស់​ជាង​ពាក់​កណ្ដាល ហើយ​ក្នុង​ភូមិ​ដែល​ជីតា ដែល​ឪពុក​ខ្ញុំ​គាត់​ធ្លាប់​ឃើញ​ស្គាល់ ពី​ដើម​មាន​ផ្ទះ​១៥០ នោះ​ឃើញ​នៅ​តែ​ផ្ទះ​៦០ ផ្ទះ​៥០ ផ្ទះ​២៥​វិញ ឯ​រាស្ត្រ​ចំណុះ​ស្រុក ក៏​តិច​ជាង​ពី​ដើម ពួក​សាមណៈ​ជី​ព្រាហ្ម​ក៏​កើត​ទុក្ខ​វេទនា ព្រោះ​វា​លុក​ប្លន់​ព្រះ​វិហារ​រាម ជញ្ជូន​យក​ព្រះ​ពុទ្ធ​រូប​ណា​ដែរ​ជា​មាស​ ជា​ប្រាក់​ ជា​សំរឹទ្ធ ហើយ​វា​ដុត​ព្រះ​វិហារ​វត្តអារាម​ជា​ច្រើន​អន្លើ វត្ត​ណា​ដែរ​នៅ​សល់​នោះ​រក​ដំបូល​គ្មាន ដំបូល​នោះ​ស្រុក​បាក់ ធ្លាក់​ទៅ​គ្រប​លើ​អាសនៈ​ព្រះ រក​នរណា​នឹង​មាន​ចិត្ត​គិត​ជួស​ជុល​គ្មាន ព្រោះ​រវល់​តែ​នឹង​ច្បាំង​រាំងជល​រៀង​មក​ជាប់​៥០​ឆ្នាំ ស្រុក​ភូមិ​បាក់​បែក រត់​ចោល​ស្ងាត់​សូន្យឈឹង មុខ​គួរ​ឲ្យ​ស្រងេះស្រងោច​ខ្លោច​ផ្សា​ណាស់ ណា​វេទនា​នឹង​ស្រី ដែល​មាន​កូន​តូចៗ អង្គុយ​ឱប​ក្បាល​ជង្គង់ មុខ​ច្រមិស​មើល​តែ​មុខ​កូន​ភ្លឹះៗ ។

លុះបាន​ស្រុក​សាន្តត្រាណ បាន​ចុះ​សន្យា​ជា​ស្ពាន​មេត្រី​នោះ​ហ្លួង​អង្គ​ឌួង បាន​សោយរាជ្យ​ជា​ស្ដេច​ហើយ នោះ​រាស្ត្រ​រាល់​គ្នា​គ្រាន់​មាន​ចិត្ត​សង្ឃឹម ហើយ​គេ​និយាយ​សរសើរ​ថា​ស្ដេច​ល្អ​ទ្រង់​ធម៌ ព្រះទ័យ​សប្បុរស​ជ្រះ​ថ្លា​ដឹង​អធ្យោគអធ្យាស្រ័យ ប៉ុន្តែ​ស្រុក​យើង​កាលនោះ​ខ្សត់​ណាស់ អស់​អាណា​ប្រជានុរាស្ត្រ​លំបាក​ក្រៃ​ពេកពន់​ប្រមាណ ចេះ​តែ​នៅ​ទ្រាំ​ចាំ​សៀម​ពុំ​បាន​ធ្វើ​ការ​រក​ស៊ី​អ្វី​សោះ ។

ឯខ្លួន​ខ្ញុំ​កាលនោះ​ក៏​ក្រ​ណាស់ ហើយ​គ្មាន​ញាតិ​ផៅ​សាច់​សណ្ដាន​ព្រៀងលាន​សោះ ឯ​ចំណេះ​វិជ្ជាការ​ក៏​ឱន​ថយ ស្គាល់​តែ​សេចក្ដី​ទុក្ខ​សោក​វេទនា ក៏​មាន​ចិត្ត​កាត់​តម្លា​សទ្ធា​ចង់​បួស​ ស្រេច​ហើយ​ក៏​ចូល​ឧបសម្ប័ទ​ក្នុង​សំណាក់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​អារាម​១​ ក្នុង​ក្រុង​ឪដុង​មាន​ជ័យ ដើម្បី​នឹង​បាន​មគ្គផល​ទៅ​ជាតិ​ក្រោយ​កុំ​ឲ្យ​អកុសល​ដូច​ជាតិនេះ​ហើយ​និង​ បាន​រៀន​សូត្រ​ធម៌​អាថ៌​សាស្ត្រា​បាលី​ផង រួច​ចុះ​ថែម​ទាំង​អកុសល ឯ​ក្នុង​វត្ត​សោត​ក៏​រក​វៀន​ធម៌អាថ៌​សាស្ត្រា​បាលី​គ្មាន ភ្លើង​ឆេះ​ខូច​អន្តរាយ​ខ្លះ សៀម​វា​លួច​យក​ខ្លះ យួន​វា​បំផ្លាញ​ខូច​ខ្លះ ឯ​ក្នុង​វត្ត​ប្រាង្គ​ដែរ​ខ្ញុំ​បួស​ភិក្ខុ​នោះ​សោត ក៏​មាន​នៅសល់​តែ​លោក​សង្ឃ​ល្ងង់​ខ្លៅ ពុំ​មាន​គិត​រក​សាស្ត្រាវិន័យ និង​គម្ពីរ​ព្រះ​អភិធម្ម​ព្រះ​ត្រៃបិដក​ឡើយ ។

ឯកើត​ច្បាំង​ក្នុង​ស្រុក​ខ្មែរ ហើយ​ចុះ​សន្យា​ធ្វើ​ស្ពាន​មេត្រី​រួច​ហើយ​នោះ​ពួក​មហា​សត្រូវ​យើង​ទាំង​ សង្ខាង គឺ​ស្ដេច​សៀម​ហើយ​និង​ស្ដេច​យួន វា​នៅ​តែ​កួន​យក​ដី​យើង​ទៀត ឯ​ស្ដេច​សៀម​យក​ខេត្ត​ចំណែក​ខាង​ជើង គឺ​ស្រុក​សៀមរាប​មាន​នគរ​ធំក្រុង​ស្រុក​ខ្មែរ​យើង ហើយ​ស្រុក​បាត់ដំបង ម្លូព្រៃ ទន្លេរពៅ ហើយ​និង​ខេត្ត​យើង​ខ្មែរ​ទាំង​ប៉ុន្មាន ដែរ​នៅ​មាត់​សមុទ្ទ ខាង​ទិស​បស្ចឹម ឯ​ស្ដេច​យួន​យក​ដី​ដែន​ស្រុក​ខ្មែរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ត្បូង​គឺ ព្រៃនគរ​កូសាំងស៊ីន​សព្វ​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ទល់​នឹង​ព្រែក​ជីក​ខេត្ត​ពាម​ខាង​ឯលិច ខាងឯ​កើត​យក​រហូត​ទៅ ទន្ទឹម​នឹង​ក្រុង​ភ្នំពេញ ។ ឯ​ស្ដេច​ម្ចាស់​ផែនដី​យើង​លោក​កើត​ទុក្ខ​ព្រួយ​ព្រះទ័យ​ដូច​រាស្ត្រ​ដែរ ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​សៀម​ហើយ​និង​យួន​វា​គិត​យក​ស្រុក​ខ្មែរ​បញ្ចូល​ ក្នុង​ស្រុក​វា​រាល់​គ្នា ប៉ុន្តែ​វា​បញ្ចូល​មិនទាន់​បាន​ព្រោះ​វាសត្រូវ​នឹង​គ្នា ហើយ​ចែក​គ្នា​មិន​កើត ដ្បិត​វា​ចង់​បាន​តែ​ទាំង​អស់​រាល់​ខ្លួន ។ ម្ចាស់​យើង​លោក​ព្រួយ​ព្រះទ័យ​១​ជំពូក​ទៀត ព្រោះ​សៀម​វា​ចង់​ទំនុក​បំរុង​លោកៗ​ពុំ​សព្វ​ព្រះទ័យ​ព្រោះ​វា​មិន​ទុក​លោក​ ជា​ស្ដេច​ផែនដី​ស្រុក​ខ្មែរ វា​ទុក​លោក​ដូច​ជា​ចៅហ្វាយ​ស្រុក​ខ្មែរ​វិញ ឯ​យួន​វា​ទុក​លោក​ជា​ចំណុះ​វា ហេតុ​ដូច្នេះ​ព្រះអង្គ​ក៏​រឹតតែ​ព្រួយ​ព្រះរាជហឫទ័យ​ក្រែង​កើត​ចម្បាំង​ជា​ ថ្មី​ទៀត​ក្រែង​ស្រុក​ខ្មែរ​នឹង​វិនាស​អន្តរាយ ហើយ​ផុត​មាន​អស់​ពូជ​ខ្មែរ​ក្រែង​នៅ​តែ​សៀម ឬ​នៅ​តែ​ខ្មែរ​ដែរ​ទុក​សក់​បួង​ពី​ក្រោយ ដូចជា​ព្នង​ស្ទៀង​យក​កន្សែង​ជួត​ក្បាល​ដូច​ជា​យួន ។

ឯហ្លួង​យើង​កាលនោះ​លោក​ចេះ​តែ​ខំ​ប្រឹង​តាម​ការ ទ្រង់​ចាត់​ឲ្យ​ចំឡង​សាស្ត្រា​បាលី​ច្បាប់​ទំលាប់​ហើយ​ស៊ឺប​សួរ​រក​ ពង្សាវដារ​ដែល​នៅ​សល់​ឃើញ​ទាំង​ប៉ុន្មាន​ឲ្យ​យក​មក​ចំឡង​ទុក ព្រោះ​លោក​មាន​ព្រះ​រាជហឫទ័យ ដើម្បី​នឹង​រៀបចំ​ស្រុក​ខ្មែរ​យើង​ឲ្យ​របប​រៀបរយ តែ​ទ្រង់​នៅ​មាន​ព្រះវិតក្ក​ក្រែង​តទៅ​មុក​សៀម​ហើយ​និង​យួន​វា​យក​ស្រុក​យើង ​ខ្មែរ​ចែក​គ្នា ទ្រង់​ព្រះ​ចិន្ដា​តែ​ម៉្លោះ​ទើប​ទ្រង់​ឈ្វេង​យល់​ថា នឹង​ពឹង​រក​ស្រុក​ប្រទេស​យូរ៉ុប (ស្រុក​អឺរ៉ុប, យូរ៉ុប គឺ​អាន​តាម​សៀម ឬ​អង់គ្លេស)​ណា​១​ឲ្យ​ជួយ​ទំនុក​បំរុង ឥឡូវ​នឹង​ទៅ​ពឹង​បុណ្យ​អាំងក្លេស (អង់គ្លេស) ព្រោះ​អាំងក្លេស​បាន​ស្រុក​ក្លឹង (ឥណ្ឌា) ហើយ​និង​ស្រុក​សីង្គះពួរ (សិង្ហបុរី) ​ហើយ ឥឡូវ​នឹង​ទៅ​ពឹង​បុណ្យ​វីឡាន្ឌា (ក្នុង​ភាសា​ខ្មែរ​សម័យ​កណ្ដាល គេ​ប្រើ​សម្ដៅ​ស្រុក​ហុល្លង់) ទ្រង់​ពុំ​សព្វ​ព្រះទ័យ ដ្បិត​វីឡាន្ឌា​ធ្វើ​ជា​ចៅហ្វាយ​នៅ​ស្រុក​យ៉ាវ៉ា (កោះជ្វា ឥណ្ឌូនេស៊ី) ស្រុក​សុម៉ាត្រា (កោះស៊ូម៉ាត្រា)​ហើយ ឥឡូវ​នឹង​ទៅ​ពឹង​បុណ្យ​អឹះស្ប៉ាញ៉ុល (អេស្បាញ) ឬ​ប្រូតូកេស (ព័រទុយកាល់) ដ្បិត​សាសន៍​ទាំង​នោះ​ពុំ​ពូកែ ទ្រង់​ព្រះចិន្ដា​តែ​ម៉្លោះ​ស្រេច​ហើយ ក៏​ទ្រង់​សម្រេច​ថា​នឹង​ពឹង​បារាំងសែស​ដ្បិត​បារាំងសែស​គ្មាន​ស្រុក​ចំណុះ​ នៅ​ប្រប​ស្រុក​ខ្មែរ ។

១​ទៀត​កាល​ពី​ដើម​ទ្រង់​គង់​នៅ​ស្រុក​បាងកក បាន​ជួប​នឹង​បារាំងសែស ហើយ​ទ្រង់​ទត​យល់​រីករាយ មិន​ឆ្មើងកន្ទ្រើង​និ​ងនរណា​រាក់ទាក់​រាប់​អាន​អ្នក​ទាំង​ពួង ហើយ​ចិត្ត​ថ្លើម​ក៏​មាន​ធម៌​សប្បុរស ទើប​ទ្រង់​សម្រេច​ថា​សុំ​ពឹង​បារាំងសែស​ឲ្យ​ជួយ​ទំនុក​បំរុង ការ​ព្រះរាជ​សត្រូវ​យួន​នៅ​ស្រុក​ព្រៃនគរ ហើយ​និង​ការ​ព្រះរាជ​សត្រូវ​សៀម​ជា​ដើម ព្រោះ​មាន​ខា​ហ្លួង (ពាក្យ​សៀម​មាន​ន័យថា​ ខ្ញុំ បម្រើ) ​មក​ឈរ​អម​ព្រះ​អង្គ​នៅ​ស្រុក​ឪដុងមានជ័យ ទ្រង់​មាន​ព្រះទ័យ​អៀនខ្មាស​ចង់​ឲ្យ​របូត​រួច​ពី​ដ្សៃ​សៀម​នោះ​ណាស់ ទើប​ទ្រង់​តែង​រាជទូត​២​នាយ​ឲ្យ​នាំ​ព្រះរាជសារ​ទៅ​ដល់​កុងស៊ុល​បារាំងសែស​ នៅ​ស្រុក​សីង្គះពួរ ១​ច្បាប់​ទៀត​ទៅ​ដល់​អំម្បឺរឺរ​ស្ដេច​បារាំងសែស ក្នុង​សេចក្ដី​ព្រះរាជសារ​នោះ ថា​សុំ​ពឹង​បុណ្យ​ស្ដេច​បារាំងសែស សុំ​ឲ្យ​ស្ដេច​បារាំងសែស តែង​រាជទូត​ចូល​មក​នឹង​ចុះ​សន្យាគ្នា នោះ​ស្ដេច​បារាំងសែស មិន​ឃើញ​តែង​រាជទូត​ឲ្យ​មក​ចុះ​សន្យា ស្រាប់តែ​ចាត់​កងទ័ព​មក​ច្បាំង​នឹង​ស្ដេច​ទេព្ដា​ស្រុក​យួន ហើយ​វាយ​យក​ស្រុក​ព្រៃនគរ ហើយ​យក​ស្រុក​កូសាំងស៊ីន បាន​ពាក់​កណ្ដាល​ជា​មុន ទើប​យក​ពាក់​កណ្ដាល​ទៀត រៀង​ទៅ​ទល់​នឹង​ខេត្ត​ពាម នោះ​ហ្លួង​ក៏​មាន​ព្រះ​រាជហឫទ័យ​អំណរ ដោយសារ​ឃើញ​ស្រុក​បារាំងសែស លើក​ទ័ព​មក​វាយ​ដេញ​យួន កាល​ហ្លួង​សុគត់​ក្នុង​ឆ្នាំ​មមែ​ឯកស័ក ចុល្លស័ករាជ​១២២០​ឆ្នាំ ។

គិត​រំឭក​ឃើញ​ពី​ដំណើរ​ទាំង​នោះ​សព្វ​គ្រប់​ទៅ​ខ្ញុំ​មាន​ចិត្ត​អំណរ​នឹង​បារាំងសែស ដែរ​មក​ដេញ​យួន វា​ជា​សត្រូវ​នឹង​យើង​ខ្មែរ វា​វាយ​ដណ្ដើម​សង្កត់សង្កិន​ស្រុក​យើង​ជិតៗ​តែ​នឹង​៣០​ឆ្នាំ ហើយ​វា​តាំង​ស្ដេច​ស្រីៗ​បី​ព្រះអង្គ​១​ព្រះអង្គ​ជា​ឯករាជ ១​អង្គឧ៊បរាជ ១​អង្គ​ទៀត​ជាទី​ព្រះ​កែវ​ហ្វ៊ា ហើយ​វា​ធ្វើ​បន្ទាយ​រាយ​ពេញ​តែ​ស្រុក​ខ្មែរ ចិញ្ចឹម​ខ្មែរ​ឲ្យ​ធ្វើ​ចៅហ្វាយ​ស្រុក ឲ្យ​ទុក​សក់​ស្លៀក​ពាក់​តាម​សាសន៍​វា​ជា​យួន ហើយ​វា​គិត​ផ្លាស់​ឈ្មោះ​ខេត្ត​ស្រុក​ខ្មែរ ដាក់​ឈ្មោះ​ជា​យួន ប៉ុន្តែ​នៅ​វេលា​នោះ​យើង​ខ្លាច​តែ​បារាំងសែស កាលណា​វាយ​ស្រុក​យួន​រួច​ហើយ​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ​មិន​មក​ជួយ​យើង​ ខ្មែរ ។

ឯ​បារាំងសែសដែរ​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ស្ដេច​យួន​នោះ បើ​អ្នក​ទាំង​ឡាយ ពុំ​ដឹង​ជា​ហេតុ​ដើម​ទង​ដូច​ម្ដេច​នោះ​ខ្ញុំ​នឹងអធិប្បាយ​រាយ​ដំណើរ​ជូន​ ស្ដាប់ តាម​ដែរ​ខ្ញុំ​បាន​ដឹង​ឮ​គេ​និយាយ​រាល់​គ្នា នៅ​វេលា​គ្រានោះ ថា​កាលនោះ​ប្រហែល​ជាង​១២០​ឆ្នាំ​មក​ហើយ នោះ​កូន​ស្ដេច​ស្រុក​យួន​ច្បាំង​នឹង​ពួក​ក្បត់ ដែល​គិត​ចាស់​ច្បាំង​ដណ្ដើម​យក​រាជ​ស្រុក​យួន​ ក៏​កាលនោះ​មាន​ពួក​សេនា​ទាហាន​បារាំងសែស ហើយ​និង​ពួក​កប៉ាល់​ចម្បាំង​ទាំង​អស់​ជាង​៤០០​នាក់ ចូរ​ចិត្ត​យក​អាសារ​ធ្វើ​រាជការ​ថ្វាយ ហើយ​ច្បាំង​នឹង​ពួក​ក្បត់​នោះ​យក​រាជ​ថ្វាយ​វិញ ឯ​ពួក​បារាំងសែស​ដែរ​ប្រដៅ​សាសនា​គ្រឹស្ត ទៅ​អន្ទង​យក​ពួក​សេនា​ទាហាន​ទាំង​នោះ​មក​ជួយ​ស្ដេច​ស្រុក​យួន ព្រោះ​តែ​ពួក​ប្រដៅ​សាសនា​ទាំង​នោះ​មាន​ចិត្ត​ស្លូត​ត្រង់​នឹង​ស្ដេច​យួន ធ្វើ​រាជការ​ថ្វាយ​ស្ដេច​ ហើយ​អស់​អាណា​ប្រជានុរាស្ត្រ​យួន ក៏​ស្រឡាញ់​រាប់អាន​ពួក​ប្រដៅ​សាសនា​ទាំង​នោះ​ណាស់​ ហើយ​មាន​រាស្ត្រ​យួន​ប្រុស​ស្រី​ជា​ច្រើន លែង​ចោល​សាសន៍​របស់​ខ្លួន​រត់​ចូល​សាសនា​បារាំងសែស ។

ឯពួក​សេនា​ទាហាន និង​ពួក​បារាំងសែស​ទាំង​ប៉ុន្មាន ដែរ​ពួក​ប្រដៅ​សាសនា​បង្គាប់​បន្ជា​នោះ​ក៏​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​ពួក​កង​ទ័ព​ស្ដេច​យួន​ច្បាំង​នឹង​ពួក​ក្បត់ៗ ក៏​អប្បរ៉ាជ័យ​ចាញ់​បាក់​បប​ខ្លបខ្លាច ហើយ​អ្នក​ស្ដេច​ទេព្ដា​យ៉ាឡុង ក៏​បាន​ឡើង​សោយរាជ្យ​ជា​ស្ដេច​គ្រប់គ្រង មិន​តែ​ក្នុង​ចំណែក​នគរ​យួន ហើយ​និង​ស្រុក​កូសាំងស៊ីន​ឡើយ ទាំង​ស្រុក​តុងកឹង ក៏​បាន​ចូល​មក​ក្នុង​ព្រះរាជអាណាចក្រ​ទាំង​អស់ ឯ​នគរ​ស្ដេច​ស្រុក​យួន​ក៏​បាន​ធំ​ទូលាយ​ឡើង ខាង​ឯ​ជើង​រហូត​ហួស​ស្រុក​ចិន​ទៀត​ទៅ​ទល់​នឹង​សមុទ្ទ​ខាងកើត ដែរ​គេ​ហៅ​សមុទ្ទ​សៀម ពី​ខាង​ទិស​នីរតី ទល់​នឹង​ខេត្ត​ពាម ឯ​នគរ​យួន​កាលនោះ​ចម្រើន​ធំ​ទូលាយ​ជាង​ធម្មតា ។

រីឯ​ស្ដេច​យ៉ាឡុង​ជា​ស្ដេច​យួន នោះ​ស្លាប់​ក្នុង​ឆ្នាំ​ថោះ​ឯកស័ក​ស័ករាជ​១១៨១​ឆ្នាំ មាន​កូន​ប្រុស​១​ឈ្មោះ​មិញ​ម៉ាង​ឡើង​សោយរាជ្យ​វង្ស ឈ្មោះ​ស្ដេច​មិញ​ម៉ាង​នោះ​ឯង ដែរ​ចាត់​កង​ទ័ព​យួន​ឲ្យ​មក​ច្បាំង​នឹង​យើង​ខ្មែរ​ កាលនោះ​ជា​ចម្បាំង​ធំ​ណាស់ នករ​យើង​ខ្មែរ​នេះ​ហៀប​តែ​នឹង​បាន​ដៃ​យួន ។

ឯស្ដេច​យួន​នោះ​ជា​មនុស្ស​កំណាច ច្រណែន​និន្ទា​ឈ្នានិះ​ចេះ​តែ​រ៍អៀស​ខ្លួន​មិន​ទុក​ចិត្ត​នរណា ហើយ​តាំង​ធ្វើ​ទុក្ខ​បុក​ម្នេញ់​ពួក​សន៉ា​ទាហាន​បារាំងសែស​ដែល​មាន​សះគុណ​ ជួយ​ធ្វើ​រាជការ​ខ្មោច​ស្ដេច​ឪពុក នោះ​ពួក​សេនា​ទាហាន​បារាំងសែស ជុំនួន​១២​នាក់​ ដែរ​ចូល​មក​នៅៗ​ធន់​មិន​បាន​ស្លាប់​អស់​សល់​តែ​២​នាក់ៗ​ក៏​ធន់​មិន​បាន​ ហើយ​នាំ​ប្រពន្ធ​យួន​ហើយ​និង​កូន​ដែរ​កើត​ពី​ប្រពន្ធ​យួន​នោះ ​ត្រឡប់​វិល​ទៅ​ស្រុក​បារាំងសែស​វិញ ។

កាល​ក្រោយ​ពួក​បារាំងសែស​ចេញ​ទៅ​នោះ ស្ដេច​យួន​តាំង​តែ​សង្កត់សង្កិន​ធ្វើ​បាប​ពួក​លោក​សង្ឃ​បារាំង ហើយ​និង​ពួក​យួន​ដែរ​ចូល​សាសន៍​គ្រឹស្ត ហើយ​ឲ្យ​ចាប់​ចង​ក្រពើ​ធ្វើ​បាប និង​ប្រហារ​ជីវិត​លោក​សង្ឃ​បារាំងសែស ហើយ​និង​ពួក​ចូល​សាសន៍​នៅ​ក្នុង​ស្រុក​យួន​ស្រុក​តុងកឹង​ស្រុក​កូសាំងស៊ីន​ ជា​ច្រើន ។

ស្ដេច​នគរ​បារាំងសែស បាន​រំឭក​ទូន្មាន​ជា​ច្រើន​ដង​ច្រើន​គ្រា ប៉ុន្តែ​ស្ដេច​យួន​មិន​ទទួល​ស្ដាប់​យក​ចិត្ត​ទុក​ដាក់​សោះ ចេះ​តែ​រិត​ធ្វើ​បាប​ពួក​ប្រដៅ​សាសន៍ ហើយ​និង​ពួក​ចូល​សាសន៍​តទៅ​មិន​ប៉ុន្តែ​ម៉្លោះ​សោត ស្ដេច​យួន​ក៏​នៅ​រឹងទទឹង មិន​ទទួល​ឲ្យ​ជួប​សំដី​នឹង​រាជទូត​នគរ​បារាំងសែស ហើយ​មិន​ព្រម​ទទួល​មើល​ស្ដាប់​ព្រះរាជសារ ដែរ​ស្ដេច​នគរ​បារាំងសែស ឲ្យ​រាជទូត​នាំ​មក​នោះ​ផង ។

ឯ​ស្ដេច​យួន​ឈ្មោះ​មិញ​ម៉ាង​នោះ ស្លាប់​ប្រហែល​ក្នុង​ឆ្នាំ​ដែរ​ហ្លួង​ម្ចាស់​អង្គ​ឌួង​យើង បាន​ឡើង​សោយរាជ្យ​សម្បត្តិ​គ្រប់គ្រង​ក្រុង​កម្ពុជាធិបតី ហើយ​នៅ​វេលា​គ្រា​នោះ​គេ​ចេះ​តែ​ក្រែង​ថា​ស្ដេច​ស្រុក​បារាំងសែស និង​ចាត់​កង​ទ័ព​ឲ្យ​មក​ផ្ដន្ទា​អស់​ពួក​យួន​ដែរ​វា​ប្រព្រឹត្តិ​បទ​អាក្រក់ ​ខុស​នឹង​ធម៌ ។

លុះ​ដល់​ស្ដេច​ ធៀវទ្រី បាន​ឡើង​សោយរាជ្យ​នៅ​ស្រុក​យួន​នោះ​ឃើញ​អត់​កំណាច និង​ពួក​ចូល​សាសន៍​គ្រឹស្ត ហើយ​អន់​គុំនំម​គុំគួន​នឹង​ពួក​ប្រដៅ​សាសនា​គ្រឹស្ត ហើយ​បាន​បើក​ពួក​ប្រដៅ​សាសនា ដែល​ខ្មោច​ស្ដេច​ឪពុក​ចាប់​ដាក់​គុក​ទាំង​ប៉ុន្មានៗ​នោះ​ប្រគល់​ខ្លួន​ឲ្យ​ កុំម៉ន្ឌាំង (Commandant នាយទាហាន​ស័ក្ត​៤) នាយ​កូប៉ាល​ចម្បាំង​បារាំងសែស​ទាំង​អស់​ ប៉ុន្តែ​អំណឹះ​តមក​ក្រោយ​ទៀត ស្ដេច​ធៀវ​ទ្រី​ក៏​តាំង​ឲ្យ​ធ្វើ​បាប​សង្កត់សង្កិន​ទៀត ហើយ​បង្គាប់​ឲ្យ​យក​ទោស​ដល់​ជីវិត​ឥត​ជំនុំ​ជុំរះ ពួក​បារាំង​ទាំង​ប៉ុន្មាន ដែល​ប្រទាះ​ឃើញ​នៅ​ក្នុង​ស្រុក​យួន ឃើញ​ស្ដេច​យួន​ប្រព្រឹត្តិ​បទ​ឥត​សប្បុរស​ដូច្នោះ​នោះ រាជការ​ក្រុង​បារាំងសែស​ក៏​យល់​ថា នឹង​ធន់​អត់​ទ្រាំ​ឲ្យ​ស្ដេច​យួន​ប្រព្រឹត្តិ​ដូច្នោះ​ត​អង្វែង​ទៅ​ទៀត​មិន​ បាន លុះ​គិត​ស្រេច​ដូច្នោះ ក៏​ចាត់​កូប៉ាល​ចម្បាំង​២​មក​បាញ់​បន្តក់​គ្រាប់​បែក​លើ​ស្រុក​ទូរ៉ាន​ឆេះ​ ផ្ទះ​សម្បែង​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​អស់ ឯ​អ្នក​ស្ដេច​ធៀវ​ទ្រី​កើត​ទុក្ខ​អន់​ចិត្ត​ហើយ​ភ័យ​បារម្ភ​ជា​ខ្លាំង ក៏​អស់​បុណ្យ​ទទួល​អនីច្ចក៌ម្ម​ហើយ​មាន​កូន​ប្រុស​នាម​ឈ្មោះ​ទឺឌិគ ឡើង​គ្រង​រាជសម្បត្តិ​ជា​តំណ​ស្ដេច​ឪពុក​ក្នុង​ចុល្លស័ករាជ​១២០៩ ឆ្នាំ​មមែ​នព្វស័ក នៅ​វេលា​នោះ​សេចក្ដី​ដែរ​ប្រព្រឹត្តិ​ជា​បឋមកម្ម គឺសង្កត់សង្កិន​កំហែង​កុំបោក​រុក​ពួក​បារាំង ក៏​រឹងរឹត​តែ​ខ្លាំង​ឡើង​នឹង​គិត​គ្នា​ពុំបាន​ឡើយ ។

លុះដល់​១០​ឆ្នាំ​តមកទៀត​នោះ​រាជការ​ស្រុក​បារាំងសែស​ហើយ​នឹង​រាជការ​ស្រុក​ អាំងក្លេស នឹង​ធន់​អត់​ទ្រាំ​ពុំ​បាន ក៏​ចាត់​កង​ទ័ព​ស្រុក​ទាំង​២​ជិះ​កប៉ាល់​ភ្លើង មក​ធ្វើ​ទោស​ផ្ដន្ទា​អស់​ពួក​ចិន ដែរ​វា​ប្រព្រឹត្តិ​បទ​អធម្ម រួច​យួន​វា​ធ្វើ​បាប ហើយ​ចេះ​តែ​ប្រមាថ​មាក់ងាយ​ពួក​បារាំង ហើយ​និង​ពួក​បារាំង​អ្នក​ដើរ​សមុទ្ទ​នោះ​កង​ទ័ព​នគរ​ទាំង​២ ចូល​លុក​វាយ​ស្រុក​ក្រុង​ស្ដេច​ក្រុង​ចិន​ប្រាប់​ចិន​ទាំង​អស់​ទាំង​នគរ​ឲ្យ ​ដឹង​ខុស​ដឹង​ត្រូវ ។

លុះ​បាន​ធ្វើ​ទោស​ផ្ដន្ទា​ស្រុក​ចិន​រួច​ហើយ ពួក​កង​ទ័ព​អាំងក្លេស ក៏​ត្រឡប់​វិល​ទៅ​ស្រុក​វិញ​ នៅ​តែ​បារាំងសែស ដែរ​កាល​មុន​នោះ​បាន​ធ្វើ​ទោស​ផ្ដន្ទា​អស់​ពួក​យួន ក៏​មក​ឈប់​នៅ​ស្រុក​អាំដូស៊ិន វាយ​យក​ស្រុក​ទូរ៉ាន់​ក្នុង​ឆ្នាំ​មមី​សំរឹទ្ធ​ស័ក​យក​ស្រុក​ព្រៃនគរ​ក្នុង​ ឆ្នាំ​មមែ​ឯកស័ក ហើយ​វាយ​យក​បាន​អស់​ទាំង​ស្រុក​កូសាំងស៊ីន​ក្នុង​២​ឆ្នាំ​៣​ឆ្នាំ តមក​ក្រោយ​ទៀត​នេះ​ព្រោះ​តែ​ហេតុ​ដូច្នេះ បាន​ជា​បារាំងសែស​ច្បាំង​នឹង​ស្ដេច​យួន ។

១ទៀត​ហេតុ​ដូចម្ដេច​បាន​ជា​ស្រុក​ខ្មែរ​យើង ក៏​លែង​ភ័យ​បារម្ភ​នឹង​យួន រួច​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​នៅ​តែ​សត្រូវ​១​ចំណែក​គឺ​សត្រូវ​នឹង​ស្ដេច​សៀម ​នោះ​កាលនោះ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​ជា​ព្រះរាជបុត្រា​ថ្លៃ​នៃ​ព្រះបាទ ​សម្ដេច​ព្រះ​ហរិរ័ក្ខរាមាឥស្សរាធិបតី (ព្រះ​អង្គ​ឌួង) ដែរ​ពាក្យ​រាស្ត្រ​ទាំង​ពួង ហៅ​ហ្លួង​សុវណ្ណកោដ្ឋ​បាន​ឡើង​សោយរាជ្យសម្បត្តិ គ្រង​ក្រុង​កម្ពុជា​ខ្មែរ​យើង ក្នុង​ចុល្លស័ករាជ​១២២០​ឆ្នាំ​មមែ​ឯកស័ក នោះ​ទ្រង់​មាន​ព្រះរាជហឫទ័យ​បារម្ភ​ក្រែង​តែ​ស្រុក​បារាំងសែស​មិន​មក​ជួយ​ ទំនុកបំរុង​ក្រុង​កម្ពុជា នោះ​ស្ដេច​សៀម​នឹង​សង្កត់​យក​ក្រុង​កម្ពុជា រួច​ពី​នោះ​មក​ទៀត​នៅ​មាន​ព្រះអង្គ​ម្ចាស់​ស៊ីវត្ថា ដែរ​ជា​ព្រះរាជបុត្រា​ទី​៣​នៃ​ព្រះបាទ​សម្ដេច​ហរិរ័ក្ខរាមា ដែរ​មិន​គួរ​គប្បី​នឹង​ត្រូវ​ឡើង​គ្រងរាជសម្បត្តិ ដំណាង​អង្គ​សម្ដេច​ព្រះវររាជ​បីតា​នោះ​គិត​បាស់បោរ​តាំង​ជា​កង​ទ័ព ហើយ​រត់​ទៅ​ជ្រក​ក្នុង​ស្រុក​សៀម ។

ឯស្ដេច​ស្រុក​សៀម​បន់​ឲ្យ​តែ​ម្ចាស់​ស៊ីវត្ថា លើក​កង​ទ័ព​ចូល​មក​ច្បាំង​នឹង​ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​ក្នុង​ក្រុង​ កម្ពុជា​វិញ ដូច​កាល​ដែរ​ព្រះរាជវង្សា​ខ្មែរ​ទាំង​បុន៉្មាន​ដែរ​ក្បត់​តាំង​តែ​អំពី​ដើម​ រៀង​មក នោះ​តែ​រត់​ទៅ​ជ្រក​ពឹង​បុណ្យ​សៀមៗ​តែង​តែ​ជួយ​កាន់​ជើង​រៀងរៀប​ដរាប​ មក ។

នោះ​នៅ​វេលា​នោះ ក្នុង​ស្រុក​ខ្មែរ​ក៏​តាំង​មាន​សឹក​សង្គ្រាម​ច្បាំង​រាំងជល​ឡើង​វិញ មិន​តែ​ច្បាំង​ពី​ព្រោះ​ព្រះអង្គ​ស៊ីវត្ថា​នោះ​ឡើយ នៅ​មាន​ពួក​ក្បត់​តាំង​ខ្លួន​ជា​អាចារ្យ អា​ក្បត់​១​ឈ្មោះ​អា​ស្វា វា​បំបះ​ខាង​ខេត្ត​ទ្រាំង​បន្ទាយមាស​ពាម ហើយ​លើក​កង​ទ័ព​លុក​វាយ​យក​ស្រុក​កំពត អា​១​ទៀត​ឈ្មោះ​ពោធិកំបោរ វា​បំបះ​ខាង​ខេត្ត​ក្រចេះ​ឆ្លូង​ត្បូងឃ្មុំ បាភ្នំ ។

ឯអា​ក្បត់​ទាំង​ពីរ​នាក់​នោះ កាល​កង​ទ័ព​ហ្លួង​ដេញ​ប្រកិត​ជិត​នឹង​ចាប់​បាន​ខ្លួន​វាៗ​រត់​ទៅ​ចូល​ក្នុង​ ដែន​ស្រុក​កូសាំងស៊ីន​ពួន​ក្នុង​ស្រុក​ពាម​មាត់​ជ្រូក​លង់ហោរ ដែរ​នៅ​ក្នុង​អំណាច​យួនៗ​វា​ទំនុកបំរុង​អាក្បត់​ទាំង​ពី​នោះ ព្រោះ​យួន​វា​ជា​មហា​សត្រូវ​នឹង​ខ្មែរ​យើង​ពី​ដើម​មក ស្រេច​ហើយ​អាក្បត់​ទាំង​ពី​នោះ​វា​ត្រឡប់​ចូល​មក​ដើរ​រាត​ត្បាត​បំបះ​បំបោរ​ អស់​រាស្ត្រ​ប្រជា​ក្នុង​ស្រុក​ខ្មែរ​ទៀត ។

នៅ​រដូវ​ដើម​ឆ្នាំ​ចុល្លស័ករាជ​១២២២ ឆ្នាំ​វក​ទោស័ក​ចៅហ្វាយ​ស្រុក​បារាំងសែស នៅ​ស្រុក​ព្រៃនគរ ដែរ​បង្គាប់​លើ​កងទ័ព​ជើង​គោក​ជើង​ទឹក​ទាំង​បុន៉្មាន ចាត់​នាម៉ឺន​បារាំងសែស​១​នាក់ ជិះកប៉ាល់​មក​ចត​នៅ​ខេត្ត​កំពត ស្រេច​ឡើង​ទៅ​ថ្វាយ​បង្គំ​គាល់ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម កាល​ទ្រង់​គង់​នៅ​ព្រះបរមរាជវាំង​ឧដុង្គមានជ័យ ហើយ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល តាម​ផ្លូវ​រាជការ ថា​រាជការ​បារាំងសែស​គិត​សម្រេច​ថា ត្រូវ​យក​ស្រុក​កូសាំងស៊ីន​ទុក​ជា​របស់​រាជការ​បារាំងសែស ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​បាន​ទ្រង់​ជ្រាប​ដូច្នោះ​ក៏​មាន​ព្រះរាជហឫទ័យ​ សោមនស្ស​នឹង​រាជការ​បារាំងសែស យក​ស្រុក​កូសាំងស៊ីន ផ្ដាច់​ជា​របស់​បារាំងសែស លុះ​រំលង​បាន​១​ខែ​តមក នោះ​ព្រះបាទ​សម្ដេច​ព្រះនរោត្ដម ទ្រង់​តែង​រាជទូត​ឲ្យ​ទៅ​ជួយ​អំណរ​ចៅហ្វាយ​ស្រុក​បារាំងសែស នៅ​ស្រុក​ព្រៃនគរ ឯ​សៀម​កាល​ឃើញ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម ព្រម​ទទួល​ស្រុះស្រួល​នឹង​បារាំងសែស ក៏​អន់​ចិត្ត​ដ្បិត​បារាំងសែស ខ្លាំង​ពូកែ​ជាង​ខ្លួន ហើយ​បាន​មក​ទំនុកបំរុង​ក្រុង​កម្ពុជា ស្រេច​ហើយ​ធ្វើ​សំបុត្រ​សន្យា បន្ថយ​យួន ហើយ​និង​សៀម ពី​ស្រុក​ខ្មែរ ដាក់​ស្រុក​ខ្មែរ​ឲ្យ​នៅ​ក្នុង​ទំនុកបំរុង​រាជការ​បារាំងសែស​ដែរ​ជា​មហានគរ​ ធំ​វិញ ហើយ​ហាម​ប្រាម​នគរ​សៀម​នគរ​យួន កុំ​ឲ្យ​លើក​ទ័ព​មក​ដណ្ដើម​យក​ក្រុង​កម្ពុជា​តទៅ ។

តាំងពី​បាន​រាជការ​បារាំងសែស មក​ទំនុកបំរុង​កាលណា ក្រុង​កម្ពុជា​ក៏​បាន​សំបូណ៌​សោភីនី ឥត​មាន​សត្រូវ​ឯណា​មក​បៀតបៀន​យាយី ហើយ​អាណា​ប្រជានុរាស្ត្រ​ក៏​រក​ស៊ី​សុខ​សាបា្យ តាម​ដោយ​សុច្ចរិត​ពិតត្រង់ ពុំ​មាន​ព្រួយ​នឿយ​ភិតភ័យ​រត់​លូន និង​សឹកសាម​សង្គ្រាម​ជ័យ​ទៀត​ឡើយ ។

កាលនោះបារាំងសែសបាន​ធ្វើ​រាជការ​ថ្វាយ​សម្ដេច​ព្រះនរោត្ដម​ជួយ​ច្បាំង​ដេញ​ចាប់​អាចារ្យ​ ស្វា ពោធិកំបោរ ឯ​ខ្លួន​ពោធិកំបោរ​បាក់​ទ័ព​ពី​ក្នុង​ខេត្ត​បាភ្នំ រត់​ទៅ​ដល់​ស្រុក​កំពង់ធំ ខេត្ត​កំពង់ស្វាយ ចាប់​បាន​ខ្លួន​ហើយ​ប្រហារជីវិត​នៅ​ទី​នោះ ។

នៅ​វេលា​នោះ​ក្នុង​ទន្លេសាប ទន្លេធំ ហើយ​និង​តាម​ដង​ស្ទឹង​មាន​តែ​ទូក​ថ្វែ​ចិន​ទូក​២​ទូក​៣ ឯ​ស្រូវ​ថ្លៃ​៣​ថាំង​៥​កាក់ ដឹក​ដាក់​ដល់​ជើង​កំពង់ បើ​ទិញ​ដល់​ផ្ទះ​ថ្លៃ​តែ​៣​ថាំង​២​កាក់​កន្លះ​ដ្បិត​ផ្ទះ​ឆ្ងាយ​ពី​ជើង​កំពង់ ពិបាក​ដឹក​នាំ​តាម​ផ្លូវ​រទេះ​ដែរ​មិនទាន់​មាន​ថ្នល់ ។

ឯសំពត់​ផាឌិបទេសឯក​ថ្លៃ​អស់​យ៉ាង រក​នឹង​ទិញ​ប្រើ​ការ​ពុំ​បាន​ទេ ហើយ​វេលា​គ្រានោះ សុទ្ធ​តែ​ចិន​វា​រក​ស៊ី​ក្នុង​ស្រុក​ខ្មែរ យើង​នេះ​បាន​ចំណេញ​ច្រើន​ណាស់​ ហើយ​ប្រាក់​ក្នុង​ស្រុក​ខ្មែរ​ទាំង​ប៉ុន្មាន​នៅ​ដៃ​វា​ទាំង​អស់ ហើយ​កាលណា​វា​រក​ស៊ី បាន​ប្រាក់​ច្រើន​វា​នាំ​យក​ទៅ​ស្រុក​ចិន ។

ឯកប៉ាល់​ភ្លើង​ដែរ​មក​ដល់​ក្នុង​ស្រុក​ខ្មែរ​មុន​គេ​នោះ​ជា​កប៉ាល់​បារាំងសែស ខ្ញុំ​បាន​ឃើញ​ជាក់​នឹង​ភ្នែក ហើយ​នៅ​ចាំ​ច្បាស់​ដល់​ឥឡូវ កាល​កប៉ាល់​នោះ​មក​ដល់​កំពង់ហ្លួង អ្នក​ស្រុក​ផ្អើល​ឆោឡោ ដ្បិត​ឆ្ងល់​ថា​កប៉ាល់​ឥត​ក្ដោង​ចែវ​ក្រជីង ហើយ​បើក​លឿន​លើ​ទឹក​បាន មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​រត់​ទៅ​មើល​លាន់ ប្រពូនប្រពាន់​លើ​គ្នា ហើយ​ឆ្ងល់​មិន​យល់​ថា​ដូច​ម្ដេច​សោះ ស្រាប់​តែ​ឃើញ​រលក​បែក​ពពុះ​ខាង​កន្សៃ ហើយ​លឿន​ផុរ​ទឹក​ពី​ក្បាល​ជះ​ទៅ​ចំហៀង​សង្ខាង កើត​ជា​រលក​បោក​ទៅ​ខាង​មាត់​ច្រាំង អ្នក​ដែរ​មក​មើល​ទាំង​ប៉ុន្មាន នោះ​អស្ចារ្យ​លាន់​មាត់ស្រែក​ហៃយ៉ោហៃយ៉ា អឹកធឹក​គឹក​កង​រំពង មើល​មិន​ដាក់​ភ្នែក​ដោយ​សារ​ឃើញ​ផ្សែង​ចេញ​តាម​បំពង់​ភ្លើង ហើយ​ឮ​សន្ធឹក​គគុកគគាក់ ពី​ខាង​ក្នុង​កប៉ាល់​នោះ ទាំង​ហ្លួង​ក៏​ស្ដេច​មក​ជាមួយ​នឹង​នាម៉ឺន​មុខ​មន្ត្រី ហើយ​ទ្រង់​យាង​ទត​មក​ពី​មាត់​កំពង់​មក​ជា​ច្រើន​ម៉ោង ទ្រង់​ព្រះ​សន្ធិះ​សង្ស័យ​នឹង​កប៉ាល់ ព្រោះ​មិន​ទាន់​ជ្រាប​ថា​ធ្វើ​ដូច​ម្ដេច​ខ្លះ អស់​ទាំង​អ្នកចាស់​ប្រជា​ឈប់​ឈរ​មើល​រំពឹង​គិត ហើយ​យល់​ថា​នេះ​ជា​មនុស្ស​អ្នក​ស្រុក​នគរ​ធំ គេ​មក​ដល់​ស្រុក​យើង​ហើយៗ មក​ជួយ​ទំនុកបំរុង​យើង ស្រុក​យើង​នឹង​បាន​រីកចម្រើន ផ្លូវ​វិធី​ជា​ថ្មី​ឡើង​ទៀត ប្រហែល​ជា​នឹង​ត្រឡប់​បាន​ឡើង​ជា​នគរ​ធំ​ដូច​ខ្មែរ​ដើម​វិញ នោះ​ចាប់​ដើម​តាំង​ពី​ព្រះ​បាទ​សម្ដេច ព្រះនរោត្ដម សោយរាជ្យ​រៀង​មក​ដល់​ឥឡូវនេះ នោះ​ក្នុង​ស្រុក​ខ្មែរ វិធី​ខាង​ចំណេះ​វិជ្ជា​ក៏​ចម្រើន​ហើយ​ថ្កើង​រងរឿង​ជាង​ពី​ដើម​នោះ​ច្រើន​ ណាស់ ហើយ​គ្មាន​សត្រូវ​មក​បៀត​បៀន ពីព្រោះ​មាន​អ្នក​មាន​បុណ្យ​អំណាច ដែរ​ទំនុកបំរុង​យើង គេ​គ្រប់គ្រង​ពួក​យួន នៅ​ស្រុក​កូសាំងស៊ិន ហើយ​សៀម​ក៏​ខ្លាច​មិន​ហាន​មក​បៀតបៀន​ទៀត តាំង​ពី​វេលា​គ្រា​នោះ​រៀង​មក ។

ចូល​អស់​លោក​អ្នក​ទាំង​ឡាយ នាម៉ឺន​ក្ដី​រាស្ត្រ​ក្ដី មើល​ហើយ​ពីចារណា​គិត​ឲ្យ​សព្វ​ទៅ​ឃើញ​ឬ​ទេ ស្រុក​យើង​សព្វ​ថ្ងៃ​នេះ​ខុស​គ្នា​នឹង​កាល​ពី​៥០​ឆ្នាំ​មុន នោះ​ឃើញ​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ​ហើយ​គិត​កាល​ដែរ​ស្រុក​កើត​ចម្បាំង​រាំងជល ហើយ​ស្រុក​ឥឡូវ​ដែរ​បាន​នឹង​សុខ​សាបា្យ​ខ្សែម​ខ្សាន​គ្រប់​ទី​កន្លែង ហើយ​ប្រាក់​ក៏​មាន​សំបូរណ៍​ក្នុង​ស្រុក​ខ្មែរ​យើង គ្រប់​ផ្ទះ​សម្បែង​ក៏​មិន​ដែល​ដាច់ ខ្វាះ​ចា្យ​សោះ! គង់​តែង​មាន​ប្រាក់​ចា្យ​ខ្លះ​រាល់​ផ្ទះ​គ្រប់​គ្នា ហេតុ​ដែរ​បាន​សំបូរណ៍​ទាំង​នេះ​ពីព្រោះ​ឥត​នោះ​ឃើញ​ថា​សេចក្ដី​អត់​ឃ្លាន​ មិន​សូវ​មាន តាំងតែ​ពី​កាល​បារាំងសែស ចូល​មក​នៅ​ក្នុង​ស្រុក​យើង ហើយ​ស្រុក​យើង​ក៏​មិន​យូវ​ឡើយ សំបូរណ៍​មាន​ធនធាន​អើ​ដូច​ជា​ខ្លួន​តា​នេះ​អាយុ​៨០​ឆ្នាំ​ប្លាយ​ហើយៗ​ចាំ​ ដំណើរ​រឿង​ព្រេង​នាំ​មក​នីទាន​ឲ្យ​កូន​ចៅ​ទួត​លួត​លា​នៅ​ឯក្រោយ ឲ្យ​ដឹង​រឿង​បារាំងសែស​នេះ កាល​ពី​មុន​ដូច​ម្ដេច តមកទៀត​ដូច​ម្ដេច មួយ​ទៀត​យើង​សព្វ​ថ្ងៃ​នេះ ចូរ​ចាំ​កុំ​ភ្លេច់​សេចក្ដី ដែរ​មនុស្ស​ពី​ដើម​ធន់​រង​លំបាក ទុក្ខ​វេទនា​នោះ​ដូច​ម្ដេច​ខ្លះ ហើយ​កុំ​ភ្លេច់​គុណ​បារាំងសែស​តែ​នាំ​មាត់​អាក្រក់​គិត​ការ​ទុច្ចរិត​ស្ងាត់ ​កំបាំង​ហើយ នោះ​វា​នាំ​ឲ្យ​ស្រុក​នគរ​យើង​ត្រឡប់​ទៅ​កន្លែង​ដើម​វិ្​ដូច​កាល​គ្រា​ដែរ​ ចេះ​តែ​កើត​ច្បាំង កុំ​សទ់​អត់​ឃ្លាន​២០​ឆ្នាំ​ម្ដង ១០​ឆ្នាំ​ម្ដង ជួនកាល​ឃើញ​ទ័ព​យួន​មក ជួន​កាល​ឃើញ​ទ័ព​សៀម​មក​ ម្ដងទ័ព​មក​ពី​ស្រុក​នេះ​ម្ដង​ទ័ព​មក​ពី​ស្រុក​នោះ ហើយ​មាន​ទាំង​ពួក​ចោរ​កំណាច​កាច​ផ្គុំម​គ្នា លើក​ជា​ពួក​ជា​កង លួច​ប្លន់​កាប់​ចាក់​សំលាប់​គ្នា ហើយ​ដុត​ផ្ទះ​សម្បែង​វត្តវ៉ា​វិនាស​អស់ ។

អើកាលនោះ​ប្រហែល​៥០​ឆ្នាំ​មក​ហើយ​នោះ ស្រុក​យើង​នោះ​គ្មាន​អ្វីសោះ សៀម​ហើយ​និង​យួន​វា​មក​ត្បៀត​សង្កត់​សង្កិន​យើង ហៀបៗ​តែ​នឹង​សូន្យ​ឈ្មោះ​ផង ដល់​មក​ឥឡូវនេះ​មាន​គេ​ស្គាល់​យើង​ទាំងពីភព់ ហើយ​សារពើ​ភល់​ជុំនួញ​យើង គឺ​ស្រូវ​ ក្របាស​ ម្រេច ហើយ​និង​ត្រី​ពី​ក្នុង​ទន្លេ​ព្រែក​បឹង​ស្ទឹង​យើង ដែរ​កាល​ពី​ដើម​មិន​សូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ក្រៅ ហើយ​ច្រើន​តែ​ឈ្មួញ​ចិន​ចូល​ទិញ នោះ​ឥឡូវនេះ​មាន​កប៉ាល់​ភ្លើង នាំ​ទៅ​ដល់​ស្រុក​ម្នីល ស្រុក​ចិន ស្រុក​យីពុន ស្រុក​យ៉ាវ៉ា ហើយ​និង​ប្រទេសយូរ៉ុប ។

កាល​ដើម​ឡើយ​ គេ​មិនទាន់​ស្គាល់​ស្រុក​យើង ឥឡូវ​គេ​មក​ពី​គ្រប់​ទិស​ដំបន់ មក​មើល​ក្រុង​ភ្នំពេញ នគរធំ នគរវត្ត ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីៗ​មាន​គ្រប់ ប្រទេស​ក្រោម​មេឃ​នេះ​ក៏​មាន​ឲ្យ​ទិញ​ទាំងអស់​ក្នុង​ស្រុក​ខ្មែរ កប៉ាល់​សាលុបរ៍របស់​ចិន​ក្លឹង ឬ​របស់​បារាំងសែស​ខ្លះ​មាន​សព្វ​ថ្ងៃ​នេះ​ជាង​៦០ បើក​ជួញ​ជួល​ជិះ​សណ្ដោង​ទូក​ទៅ​មក​ហូរហែរ​តាម​ទន្លេ បើ​ទៅ​ពី​ភ្នំពេញ​ទៅ​ព្រៃ​នគរ​ចម្ងាយ​តែ​២៤​ម៉ោង ឯ​ស្រុក​ព្រៃ​នគរ​នោះ​កាល​ដែរ​នៅ​ក្នុង​ដៃ​យួន វា​ធ្វើ​ជា​ម្ចាស់​ស្រុក​នោះ យើង​មិន​ហ៊ាន​ទៅ​សោះ ។

បើ​ទៅ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ទៅ​ក្រចេះ ចម្ងាយ​ផ្លូវ​តែ​១២​ម៉ោង​ដល់​ ដែរ​កាល​ពី​ដើម​ចម្ងាយ​​ផ្លូវ​តែ​៨​ថ្ងៃ បើ​ទៅ​តាម​ផ្លូវ​ទន្លេ​ធំ ទៅ​ស្រុក​លាវ​ស្រុក​ខោង ចម្ងាយ​​ផ្លូវ​សព្វ​ថ្ងៃ​តែ​២៤​ម៉ោង ហើយ​បើ​ឡើង​ស្រុក​ហ្លួង​ប្របាង ចម្ងាយ​ផ្លូវ​មិន​ដល់​២០​ថ្ងៃ​ទេ បើ​ទៅ​តាម​ផ្លូវ​សមុទ្ទ ពី​ព្រៃ​នគរ​ទៅ​ស្រុក​បាង​កក​តែ​៤​ថ្ងៃ បើ​ទៅ​សីង្គះពួរ​តែ​២​ថ្ងៃ ឯ​ស្រុក​លង្កា​ដែរ​យើង​ស្គាល់​ឈ្មោះ​ដោយ​សារ​តែ​គម្ពីរ​ព្រះបាលី នោះ​យើង​មិន​ដែល​ទៅ​សោះ​កាល​ពី​ដើម​ដិ្បទ​ស្រុក​ឆ្ងាយ​ណាស់ សព្វ​ថ្ងៃ​នេះ​ទៅ​តែ​៨​ថ្ងៃ​ដល់​ ឯ​ស្រុក​បារាំងសែស​ចម្ងាយ​ផ្លូវ​តែ​២២​ថ្ងៃ ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ស្រុក​ដែល​ឥត​នរណា​ស្គាល់ អ្នក​​នគរ​ទាំង​​ពីភព​គេ​ក៏​មិន​សល់​នឹង​ស្គាល់​យើង ហើយ​នគរ​ណា​ដែរ​យើង​មិន​​ស្គាល់​មិន​ដែល​ឮ​និយាយ​សោះ ឥឡូវនេះ​យើង​ស្គាល់​ទាំងអស់ ហ្លួង​យើង​ក៏​បាន​ស្គេច់​ទៅ​ស្រុក​បារាំងសែស ហើយ​បាន​ចូល​ទត​ស្រុកសីង្គះពួរ​លង្កា និង​ព្រែក​ជិកធំ ដែរ​ដៃ​បារាំងសែស​ជិក​ទុំលុះ​ពី​សមុទ្ទ​ទិស​ឯ​កើត​កាត់​ទៅ​សមុទ្ទ​ទិស​ឯ​លិច ព្រែក​ជិក​នោះ​ជា​ផ្លូវ​សមុទ្ទ​ធំ ក្នុង​១​ឆ្នាំ​មាន​កប៉ាល់​ភ្លើង​ជា​ច្រើន​ពាន់​បើក​ចេញ​ចូល​ទៅ​មក​មិន​ដែល​ ដាច់ អស់​ទាំង​លោក​សេនាបតី​ព្រះអង្គ​ម្ចាស់​ក្សត្រី និង​ចៅ​ជិត​ចៅ​ចម​អស់​អ្នក​ក្នុង​វាំង ក៏​បាន​ទៅ​ឃើញ​ស្គាល់​ស្រុក​បារាំង ឃើញ​ក្រុង​ប៉ារីស ជា​ទី​ដី​ជំនុំ​ស្រុក​បារាំងសែស ឯក្រុង​ប៉ារីស​នោះ​ជា​ក្រុង​ធំ និង​គិត​គ្នា​ត្រា​រាប់​ពុំ​បាន បើ​រាប់​តែ​រាស្ត្រ​ចំណុះ​ស្រុក ក្នុង​ទី​ដី​ជុំនុំ​ក្រុង​ប៉ារីស​នោះ ប្រហែល​ជុំ​នួន​មនុស្ស​២​នគរ​ស្រុក​ខ្មែរ​យើង ទើប​ប្រហែល​នឹង​មនុស្ស​ក្នុង​ទី​ដី​ជំនុំ​ក្នុង​ប៉ារីស​១ ហើយ​១​ទៀត​កូន​ខ្មែរ​យើង ក៏​បាន​ទៅ​រៀន​អ័ក្យរ​ចំណេះ​វិជ្ជា​នៅ​ស្រុក​បារាំងសែស​ ហើយ​ត្រឡប់​មក​វិញ ឡើង​ជា​មនុស្សចេះ​ដីង នាំ​ដំណឹង​រឿង​រ៉ាវ​ពី​ស្រុក​បារាំងសែស​យក​មក​និយាយ​មុខ​គួរ​ឲ្យ​ស្ដាប់ ដ្បិត​ស្រុក​នោះ​ជា​ស្រុក​កាល​មុន​៥០​ឆ្នាំ ខ្លួន​ខ្ញុំ​ឪពុក​ម្ដាយ​ជីតា​ជីដូន​ជីទួត​លួត​លា​យើង​មិន​ដែល​ឮ​ឈ្មោះ​សោះ​ អើ​នេះ​គឺ​បារាំងសែស គេ​បើក​លោក​បំភ្លឺ​ឲ្យ​យើង បើ​គ្មាន​បារាំងសែស ម្ល៉េះ​សម​យើង​មិន​ដឹង​ការ​អ្វី​ជា​ច្រើន​ទេ គ្រាន់តែ​ឃើញ​ថា​មនុស្ស​ឃើញ​តែ​ស្រុក ហើយ​ឃើញ​តែ​ចំណេះ​វិជ្ជា​យ៉ាង​ខ្ពស់​ប៉ុណ្ណឹង ឯ​ឥឡូវនេះ យើង​ដឹង​ស្គាល់​ថា​បារាំងសែស​នេះ ជា​អ្នក​មានឫទ្ធិ​អនុភាព មាន​ប្រាជ្ញាឆ្លាត​ច្រើន ហើយ​ការ​ប្រើ​របស់​អ្វីៗ តែ​នឹង​គ្រឿង​ម៉ាស៊ីន​គ្រឿង​ច័ក្រ ឃើញ​រឹតតែ​ពូកែ​ឡើង​ទៀត ជិតៗ​តែ​នឹង​មាន​ឫទ្ធិចេស្ដា ដូចទេវតា ។

គេ​យក​ទឹក​ជា​ច្រើន​មក​ដាក់​ក្នុង​ឆ្នាំង​ធំ ដុត​ភ្លើង​ដាំ​ឲ្យ​ពុះៗ​ជា​ខ្លាំង​ កម្លាំង​ទឹក​ពុះ​នោះ​ស្ទុះ​ពី​ក្នុង​ឆ្នាំង​ធាក់​វិល​កង់​ដែរ​នៅ​លើ​ផ្លូវ​ ដែក​ឬ​ធាក់​ភ្លៅ​ច័ក្រ វិល​ស្លាប​ច័ក្រ​ក្នុង​ទឹក នៅ​ខាង​កន្សៃ​កប៉ាល់ អំណាច​កម្លាំង​ទឹក​ពុះ​នោះ គេ​ក៏​ប្រើ​ឲ្យ​វិល​កង់​រទេះ​បើក​លឿង​ឯង មិន​ចាំ​បាច់​ពឹង​កម្លាំង​សេស​ឬ​សត្វ​ពាហនៈ​ឯទៀត​ឲ្យ​អូស​ទង់​ទាញ​ឡើយ ឯ​កប៉ាល់​ក៏​បើក​លឿន​ក្នុង​ទន្លេ​សមុទ្ទ​ ដោយ​សារ​អំណាច​ទឹក​ពុះ​នោះ​ដូចគ្នា មិន​ចាំ​បាច់​ប្រើ​ក្ដោង​ចែវ​ក្រជីង​ឡើយ ។

ពួក​កូន​ខ្មែរ​យើង​ដែរ​បាន​ទៅ​ស្រុក​បារាំងសែស ហើយ​ត្រឡប់​មក​វិញ​​និយាយ​ថា​បារាំងសែស​​ចេះ​យក​ធ្យូង​ថ្ម​មក​ដុត​ ហើយ​បង្ហូត​ភ្លើង​តាម​បំពង់​ទៅ​គ្រប់​ផ្ទះ​សម្បែង ឯ​ភ្លើង​ដែរ​ចេញ​ពី​បំពង់​បង្ហូត​នោះ​ភ្លឺ​ដូច​ភ្លើង​ចង្កៀង​ប្រេង​កាត​ ក្នុង​ស្រុក​ខ្មែរ​យើង​នេះ កាលដើម​អុច​ចន្លុះ​ប្រឆេះ​ទៀន​ក្រមួន ឥឡូវនេះ​រាល់​ផ្ទះ​អុច​ចង្កៀង​ប្រេងកាត ឯ​ប្រេង​កាត​នោះ​ជា​ប្រេង​អណ្ដូង​កើត​ពី​ក្នុង​ដី​នៅ​ប្រទេស​ឆ្ងាយ​ណាស់​ដែរ ​កប៉ាល់​បារាំង​នាំ​យក​មក​លក់​ក្នុង​ស្រុក​ខ្មែរ ។ ឯ​ចង្កៀង​ទាំង​៨០០​ដែរ​បំភ្លឺ​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ ភ្លើង​ដែរ​ដុត​ធ្យូង​ថ្ម បង្ហូត​តាម​បំពង់​ទេ ភ្លើង​នេះ​ជា​ភ្លើង​អគ្គីសនី មាន​បន្លឺហ៍​ដូច​ផ្លេកបន្ទោរ​កណ្ដាល​អាកាស​ដែរ​បារាំង​គេ​ចេះ​ផ្សំ​ធាតុ យក​ចំហាយ​​ធ្វើ​ឲ្យ​រត់​តាម​ខ្សែ​លួស ។

អើកាល​៥០​ឆ្នាំ​មុន​នេះ យើង​មិនទាន់​ដឹង​ជា​បារាំង​គេ​មាន​ខ្សែ​លួស​វ៉ៃ​ទៅ​មក​រក​គ្នា ហ្យើ​ស្ដាប់​គ្នា​បាន​ពី​ចម្ងាយ ឥឡូវ​យើង​ឃើញ​ថា​គេ​និយាយ​គ្នា​ពី​ស្រុក​វៀងច័ន្ធ​មក​ភ្នំពេញ​ពី​ភ្នំពេញ​ទៅ ​ហ្លួង​ប្របាង​ពី​ព្រៃនគរ​ទៅ​ហាន់ណោ្យ​ទៅ​ស្រុក​ហ្វេ​ទៅ​បាងកក​ទៅស្រុក​ចិន ហើយ​ទៅ​ដល់​ស្រុក​បារាំងសែស​ផង​តែ​ក្នុង​ពី​បី​មីនុត​ស្ដាប់​ដំណឹង​ដឹង​ការ​ ទៅ​វិញ​ទៅ​មក​ ដំណឹង​ដែ​រត់​តាម​ខ្សែ​លួស​នោះ រហ័ស​ស្មើ​នឹង​ជីវ័ន​ដែរ​គិត​ អើ​បើ​គិត​សព្វ​គ្រប់​ទៅ ឃើញ​ថា​បារាំង​គេ​មាន​គុណ​នឹង​យើង​មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​គុណ​ច្រើន​ជំពូក​ ទៀត បារាំងសែស​នេះ​គេ​មាន​ប្រាជ្ញា​ឆ្លាត​គ្មាន​ទុញ​ទាល់​សល់​និង​អ្វី​សោះ គេ​នាំ​យក​នៅ​របស់​ដ៏​ប្រសើរ​មក​បង្ហាញ​បំភ្លឺ​យើង ។

១ទៀត​គេ​នាំ​យក​ម៉ាស៊ីន​ហិប​ច្រៀង​ថត​សម្លេង​ភាសា​ដូច​មនុស្ស​ច្រៀង​និយាយ​ គ្នា​មែនទែន តាម​តែ​ទំនើង​ចិត្ត​នរណា​ចង់​ស្ដាប់​ចុះ ហើយ​មាន​កុន​ស្រមោល​ឆ្លុះ​រូប វិស័យ​ដូច​ឃើញ​ស្រុក​បារាំងសែស​ផ្លូវ​ធ្លា​មនុស្ស​ម្នា​ដើរ​ទៅ​មក​ដូច​រូប​ រស់​ដែរ​គេ​ឃើញ​ក្នុង​ស្រុក​បារាំងសែស​ក្រុង​ប៉ារីស​ដូច​ម្ដេច នោះ​យើង​នៅ​តែ​ស្រុក​ខ្មែរ ឃើញ​វិស័យ​ដូច​យើង​បាន​ឃើញ​ស្រុក​បារាំងសែស​ខ្លួន​យើង ។

គេ​ចេះ​ធ្វើ​គ្រឿង​ថត​រូប​ បើ​ជួល​តែ​ពី​បី​រៀល​បាន​រូប​របស់​ខ្លួន​យក​មក​រក្សា​ទុក ហើយ​ជា​ប្រយោជន៍​បាន​រក្សា​រូប​ឪពុក​ម្ដាយ​ទុក​តទៅ​មុខ ឲ្យ​កូន​ដឹង​ស្គាល់​ជា​រូប​ជីតា​ជីដូន​ដែរ​ស្លាប់​ជា​អង្វែង​រាប់រយ​ឆ្នាំ​ មក​ហើយ​នោះ ។

គេ​និយាយ​ថា​បារាំងសែសសព្វ​ថ្ងៃ​នេះ​ចេះ​ហោះ​លើ​អាកាស​ដោយ​អំណាច​យន្ត​គោម​ហោះៗ​លឿន​ ដូច​សត្វ​ហើរ​ពាក្យ​នេះ​ពិត​មែន​ បើ​មិន​ជឿ​សួរ​មើល​ចុះ​អែះ ថា​បើ​បារាំង​ទាល់​ចំណេះ​ហើយ​តទៅ​មិន​យក​យន្តហោះ​នោះ​មក​ឲ្យ​យើង​ឃើញ​ ទៀត ។

ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​ ជា​អម្ចាស់​ផែនដី នគរ​យើង​ព្រះអង្គ​បាន​ផ្ញើ​រាជការ​ផែនដី​ទាំង​បុន៉្មាន​ឲ្យ​បារាំងសែស​ គ្រប់គ្រង​តាង​ព្រះនេត្រ ព្រះ​ឱស្ឋ​ជា​មួយ​នឹង​សេនាបតី ចៅហ្វាយ​ស្រុក​បាឡាត់​ ហើយ​និង​ពួក​អ្នក​រាជការ​ខ្មែរ​ជា​ច្រើន​ពាន់​ដែរ​ធ្វើ​រាជការ នៅ​ក្នុង​បង្គាប់​រេស៊ីដង់​បារាំងសែស ឯ​ប្រាក់​ទាំង​ប៉ុន្មាន ដែរ​បាន​មក​ពី​ពន្ធ​គ្រប់​ជំពូក និង​ប្រាក់​ដែរ​លោះ​ថ្លៃ​ធ្វើ​រាជការ​នោះ​យក​មក​ចាយ​ បើរើ​ការ​ជា​ប្រយោជន៍ ចម្រើន​ព្រះ​រាជធានី​ទាំង​អស់ បាន​ប្រាក់​នោះ​ដែរ​យក​បាយ​រៀប​ចំ​តែង​ក្រុង​ភ្នំពេញ​ដែរ​សព្វ​ថ្ងៃ​នេះ បាន​កើត​ឡើង​ជា​ក្រុង​ល្អ​ថ្កុំថ្កើង​ដែរ​ពួក​ខ្មែរ​ទាំង​ប៉ុន្មាន​នៅ​ខេត្ត ​ក្រៅ គេ​តែង​ចូល​មក​មើល និយាយ​សរសើរ​គ្រប់​គ្នា ហើយ​អ្នក​ប្រទេស​ក្រៅ​ក៏​មាន​ចូល​មក​មើល​លេង​នៅ​ក្រុង​ភ្នំពេញ​ជា​ច្រើន ក្រៅ​ពី​រៀប​ចំ​តែង​ក្រុង​ភ្នំពេញ​នោះ​រាជការ​នៅ​រៀប​ចំ​តែង​ដី ទី​ជំនុំ​រួម​ខេត្ត​ដប់​អន្លើ​ទៀត ។

ហើយធ្វើ​ថ្នល់​ធ្វើ​ស្ពាន​ផ្លូវ​ឲ្យ​រទេះ​​ទៅ​មក​ដោយ​ស្រួល ហើយ​នៅ​គិត​នឹង​ធ្វើ​ផ្លូវ​ថ្នលើ​ឲ្យ​គ្រប់​ទី​ដំបន់​ក្នុង​ស្រុក​ខ្មែរ​ឲ្យ ​បាន​ដឹក​នាំ​ជុំនួញ​ទំនិញ​កាត់​ទៅ​លក់​ក្នុង​ភូមិ​ធំៗ​ដោយ​ងាយ​ហើយ​បាន​ ឆាប់​ក៏​ឆាប់ ឯ​សោហ៊ុយ​ដឹក​នាំ​ទំនិញ​ទៅ​ឯ​ផ្សា​ធំ​ក៏​ថោក ។

១ទៀត​គេ​និយាយ​ថា​គិត​ធ្វើ​រទេះ​ភ្លើង ក្នុង​រទេះ​១​ទាញ​យោង​បាន​រទេះ​១០​កាត់​​ផ្ទុក​ទំនិញ ហើយ​និង​អ្នក​ដំណើរ​ពី​បាត់ដំបង​មក​ស្រុក​ភ្នំពេញ​ទៅ​ព្រៃនគរ គេ​និយាយ​គិត​ថា​នឹង​ធ្វើ​ផ្លូវ​រទេះ​ភ្លើង​១​ទៀត​កាត់​ទៅ​លាវ​ទៅ​យួន ហើយ​និង​ស្រុក​សៀម ប៉ុន្តែ​ផ្លូវ​រទេះ​​រថភ្លើង​នោះ នឹង​ធ្វើ​ឲ្យ​ទាន់​ឆាប់​បើ​ភ្លាម​នោះ​មិន​បាន​ទេ ប៉ុន្តែ​គេ​ថា​នឹង​ធ្វើ​ឲ្យ​បាន ហើយ​ក្នុង​រវាង​មុន​២៥​ឆ្នាំ​នេះ នោះ​ស្រុក​ខ្មែរ​នឹង​មាន​ផ្លូវ​រថភ្លើង​​ទៅ​មក​ជាប់​គ្នា និង​នគរ​ដែរ​នៅ​ជុំម​វិញ​យើង ឯ​ផ្លូវ​ទៅ​ស្រុក​យូរ៉ុប​ស្រុក​ចិន​ស្រុក​យីពុន នោះ​មាន​ផ្លូវ​កប៉ាល់​ភ្លើង​កប៉ាល់​ជុំ​នួញ​ស្រាប់​ហើយ កាលណា​មាន​ផ្លូវ​គ្រប់​បរិបូណ៌​នោះ​ស្រុក​ខ្មែរ​យើង ក៏​នឹង​ត្រឡប់​ឡើង​ជា​ទី​ប្រជុំ​ផ្លូវ​ជុំនួញ​ធំ​១ ហើយ​នគរ​ក៏​នឹង​បាន​ជា​ធំ​ថ្កុំថ្កើង​ឡើង សមគួរ​តាម​លំដាប់​ស្រុក​បុរាណ​ខ្មែរ​ដើម​វិញ ពូជ​អំបូរ​កូន​ចៅ​ខ្មែរ ដែរ​ដំណរ​ត​វង្ស​ត្រកូល មិន​បង់​កំណើត​ជាតិ ដោយ​សារ​ក្រឡាប់​ឡើង​បាន​ជា​ពូជ​អ្នក​នគរ​ធំ​នឹង​គេ​វិញ ។

រីឯ​ទ័ព​ទីង​ចម្បាំង​រាំងជល យើង​ក៏​អស់​មាន​អំពល់​សេចក្ដី​ភ័យ​បារម្ភ ដ្បិត​បារាំងសែស គេ​គិត​តែ​បង្រៀន​ប្រដៅ​ចំណេះ​វិជ្ជាការ​ឲ្យ​យើង​រួច​ខ្លួន​ជា​ខ្មែរ​អ្នក​ ជា ហើយ​ខ្លាំង​ពូកែ គេ​សង់​សាលា​បង្រៀន​អក្សរ​បារាំង​គ្រប់​ទី​កន្លែង ហើយ​គេ​ទំនុក​បំរុង​វត្តវ៉ា​ដែរ​បង្រៀន​អក្សរ​សាស្ត្រា​បាលី​ខ្មែរ ហើយ​គេ​ចែក​រង្វាន់​ឲ្យ​កូន​សិស្ស​ណា​ដែរ​ខំ​រៀន ហើយ​គេ​សុំ​តែ​គ្រប់​គ្រង​យើង ជា​មួយ​នឹង​នាម៉ឺន​ខ្មែរ​ណា ដែរ​មាន​ចិត្ត​ស្លូត​ត្រង់ ហើយ​រ្សើ​យក​ខ្លួន​ឲ្យ​ធ្វើ​ជា​នាម៉ឺន​បាន​ចម្រើន​ក្នុង​នគរ ហើយ​ឲ្យ​យើង​រាស្ត្រ​ខ្មែរ​ទាំង​បុន៉្មាន​បាន​ចម្រើន​សេចក្ដី​សុខ​គ្រប់​ គ្នា ឯ​ខ្លួន​តា​នេះ​ចាស់​ហើយ គិត​រំពឹង​ច្រើនៗ​ទៅ ឃើញ​ទៅ​ដល់​របស់​ដែរ​ខ្លួន បាន​ឃើញ​កាល​នៅ​ក្មេង គិត​ទៅ​ដល់​របស់​ដែរ​ភ្នែក​ខ្លួន​ឃើញ​សព្វ​ថ្ងៃ​នេះ គិត​ឃើញ​ម្ដង​ទៅ​ មុខ​គួរ​ឲ្យ​កោត​ខ្លាច​បារាំងសែស​នេះ​ណាស់ មក​កោត​នឹង​មាន​ចិត្ត​សង្វាត​ឧស្សាហ៍​ប្រាជ្ញា​ឆ្លាត ឯ​ខ្មែរ​យើង​ឃើញ​ខ្ជិល​ច្រអូស​ក្នុង​ខ្លួន​ក្នុង​ចិត្ត​បន្តិច ឯ​បារាំងសែស​ចូល​កូន​ចៅ​មើលគេ​ចុះ​ឃើញ​ទេ តាំង​ពី​ប្រមាណ​១៥​ឆ្នាំ​រៀង​មក ដែរ​គេ​ស្ដី​រាជការ​គ្រប់គ្រង​ស្រុក​យើង ដែរ​មក​ដល់​សព្វ​ថ្ងៃ​នេះ គេ​ធ្វើ​បាន​សេចក្ដី​រូត​រះ ហើយ​គំនិត​គេ​ល្អ គេ​គិត​តែ​ឲ្យ​យើង​ចម្រើន​បាន​សេចក្ដី​សុខ ឲ្យ​យើង​ចម្រើន​មាន​ទ្រព្យសម្បត្តិ ហើយ​និង​រៀបចំ​ទី​ដី​ស្រុក​យើង​ឲ្យ​របប​រៀប​រយ តាម​ដោយ​វ័គ​ដោយ​ស្នើរ​ ហើយ​គេ​បំបាត់​មិន​ឲ្យ​មាន​ខ្ញុំ​កញ្ជះ​អ្នកងារ​អង្គរក្ស​ទ្រមាក់​​ជៀវ​គុន​ គេ​ចែក​ដី​ឲ្យ​យើង​រាល់​គ្នា ធ្វើ​ស្រែ​ចម្ការ​រក​ស៊ី សព្វ​ថ្ងៃ​នែះ​ ដី​របស់​នរណា​នាក់​នឹង​ធ្វើ​ជា​ម្ចាស់​ដី ហើយ​ផល​ស្រែ​ចម្ការ​ច្បា​ដំណាំ យើង​ក៏​លក់​បាន​ថ្លៃ​ជាង​ពី​ដើម ។

១​ទៀត​មុខ​ឲ្យ​សរសើរ​បារាំង​នេះ ចិត្ត​គេ​ឥត​ក៏​ជា​នឹង​អ្នក​កំសត់​​ទុរគត អ្នក​មាន​ជម្ងឺ​រោគាព្យាធិ​ម៉្លេះៗ គេ​ចាត់​គ្រូ​ពេទ្យ ដាក់​ឲ្យ​នៅ​គ្រប់​ទី​រេស៊ីដង់​រួម​ខេត្ត​ឲ្យ​ចាំ​បី​បាច់​រក្សា​មើល​ថែ​ ទាំម​អ្នក​ជម្ងឺ​ទាំង​នោះ ក៏​ឃើញ​ថា​ចិត្ត​គេ​ល្អ​មែន​ហើយ ឯ​យើង​ខ្មែរ​ដែរ​នឹង​ដឹង​គុណ​គេ​នោះ គឺ​យក​ចិត្ត​ឈឺ​ឆ្អាល​ជួយ​គេ​តាម​គំនិត​ដែរ​គេ​គិត​ធ្វើ​ការ​អ្វីៗ ឯ​សេចក្ដី​ដែរ​ឈឺ​ឆ្អាល​ជួយ​ការ​គេ​នោះ ទុក​ប្រៀប​ដូច​ជា​យើង​ស្រឡាញ់​ស្រុក​យើង​ធ្វើ​រាជការ​តប​ស្នង​សង​គុណ​នគរ​ យើង ។

កាល​ដែរ​បារាំងសែស​ទើប​មក​ដល់​នោះ នគរ​យើង​កាន់តែ​តូច​ណាស់​ទៅ​ហើយ​នៅ​តែ​ពី​ត្រឹម​ខេត្ត​ពោធិសាត់​ទៅ​ទល់​នឹង​ ព្រែក​ជីក​ខេត្ត​ពាម ដែរ​ភាសា​យួន​វា​ឲ្យ​ឈ្មោះ​ហៅ​ព្រែក​វិញតេ​នៅ​សល់​ពី​ត្រឹម​ខេត្ត​សំបូរណ៍​ ទៅ​ទល់​នឹង​ខេត្ត​រំដួល ហើយ​និង​ស្រុក​ព្នង​ស្ទៀង​ទៅ​ទល់​នឹង​មាត់​សមុទ្ទ​ខាង​កើត​ហើយ​ខាត​ទាំង​ ខេត្ត​កោះកុង​ដែរ​បាន​ទៅ​សៀម នោះ​មិន​ដឹង​ជា​ដំណើរ​ដូច​ម្ដេច​ក៏​បាន​ជា​កាន់តែ​តូច​ទៅ​ដូច្នោះ ឯ​សព្វ​ថ្ងៃ​នេះ​ស្រុក​យើង​ខ្មែរ​ត្រឡប់​បាន​ឡើង​ជា​ធំ​វិញ កាល​ដែរ​បារាំងសែស​ទើប​មក​ដល់​នោះ​មិន​បាន​ធំ​ប៉ុណ្ណឹង​ទេ សព្វ​ថ្ងៃ​នេះ​បាន​ធំ​ពាក់​កណ្ដាល​ថែម​ទៀត ។

កាលក្នុង​រាជ​ព្រះ​បាទ​សម្ដេច​ព្រះហរិរ័ក្ខរាមា (ព្រះអង្គ​ឌួង​) ឬ​កាល​ក្នុង​រាជ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម (​ហ្លួង​សុវណ្ណកោដ្ឋ​) នោះ​ស្រុក​យើង​ខ្មែរ​ក៏​មិន​ទាន់​បាន​ធំ​ប៉ុណ្ណឹង ឯ​សៀម​ពី​ព្រោះ​តែ​បារាំងសែស​គេ​សង្កិន បាន​ជា​វា​ប្រគល់​ខេត្ត​បាត់ដំបង មង្គលបូរី ស៊ីសូផុត សៀមរាប ដែរ​នៅ​ខាង​មុខាង​ទន្លេសាប​ទាំង​បុន៉្មាន​ឲ្យ​យើង​វិញ រី​ឯ​ខេត្ត​កោះកុង​ដែរ​នៅ​ត្រើយ​មាត់​សមុទ្ទ​ខាង​លិច ក៏​សៀម​វា​ប្រគល់​មក​ឲ្យ​យើង​វិញ​ដែរ ឯ​ខេត្ត​ទន្លេ​រពៅ ម្លូរព្រៃ ដែរ​នៅ​ជា​ខាង​ជើង​នគរ​ខ្មែរ​យើង ក៏​សៀម​វា​ប្រគល់​មក​ឲ្យ​យើង​វិញ ១​ទៀត​ស្រុក​បារាំងសែស​គេ​យក​ស្រុក​លាវ​បាន​មក​ពីដៃ​សៀម ហើយ​គេ​ប្រគល់​ខេត្ត​ស្ទឹង​ត្រែង​មក​ឲ្យ​ខ្មែរ​វិញ បើ​គ្មាន​ស្រុក​បារាំងសែស​ម៉្លេះ​សម​យើង​នឹង​យក​ខេត្ត​ទាំង​នោះ មក​បន់​ចូល​ក្នុង​ស្រុក​ខ្មែរ​វិញ​មិន​បាន​ឡើយ កាល​នៅ​ក្នុង​៥០​ឆ្នាំ​មុន យើង​មាន​បាប​កាំម​វា​ផ្ដន្ទា​យើង​ឲ្យ​សូន្យ​ឈ្មោះ​ទៅ​ជា​ចំណុះ​សៀម ហើយ​ទី​ដី​នគរ​យើង​ក៏​ទៅ​ជា​ដី​សៀម រី​ឯ​សព្វ​ថ្ងៃ​នេះ​ខេត្ត​យើង​ក័​បាន​ធំ ហើយ​រឹតតែ​ធំ​ឡើង ឯ​នគរ​យើង​ក៏​ឡើង​ជា​មហានគរ​ធំ ដូច្នេះ​យើង​មានតែ​ខំ​ឧស្សាហ៍​ធ្វើ​ការ​បន្តិច នឹង​អាល​បាន​ឡើង​ស្មើរ​នឹង​អ្នក​ស្រុក​នគរ​ធំ​នឹង​គេ ។ អើ​យើង​បាន​មាន​បុណ្យ​សំណាង​ទាំង​ម៉្លេះ​នេះ​ដោយ​សារ​បារាំងសែស បើ​គ្មាន​គេ​ប្រហែល​ជា​យើង​មិន​កើត​ជា​អ្វី​សោះ សព្វ​ថ្ងៃ​នេះ​បារាំងសែស​គេ​មាន​គុណ​នឹង​យើង​បាន​ជា​យើង​មាន​សំណាង​ប៉ុណ្ណឹង ហេតុ​ដូច្នេះ​ទើប​បាន​ជា​តា​ក៏​គិត​តែង​ជា​នីទាន​តាម​រឿង​ដំណើរ​ដែរ​មាន​រៀង ​មក​ទុក​ទូន្មាន​បញ្ចូល​ចិត្ត​អស់​អ្នក​ទាំង​ពួង ដែរ​ជា​សាសន៍​ខ្មែរ​ដូច​គ្នា​ឲ្យ​ស្រឡាញ់​រាប់​អាន​ទុក​ចិត្ត​បារាំងសែស ដោយ​ស្មោះ​ត្រង់​កុំ​ញ៍ញើត​កិត​រាមុខ​រា​ក្រោយ​ឡើយ ដ្បិត​បារាំងសែស​នេះ​ជា​មិត្រ​មេត្រី ជា​ពំនឹង ហើយ​ជា​គ្រូ​យើង​ផង ។

សេចក្ដីដែរ​បាន​តែង​ជា​បរិយាយ រាយ​តាម​ដំណើរ​មក​នេះ​ក្រែង​ខាត​ខុស​លើស​លោះ ឬ​ពុំ​គោរម្យ៍ (ពាក្យ​បាលី‑សំស្ក្រឹត មាន​ន័យថា វាចា សម្ដី សូរស័ព្ទ​ដែល​គួរ​រីករាយ) ​សម​ពិរោះ​ដោយ​បទ​វាចា​អាថ៌​សេចក្ដី​ សូម​អស់​លោក​អ្នក​ទាំង​ឡាយ​អភ័យ​ទោស ដោយ​សារ​ប្រាជ្ញា​ស្មារតី​តិច​ចំណេះ​ក៏​ឱន​ថយ ហើយ​ខ្លួន​ក៏​ចាស់​ជរា​មាន​តែ​ចិត្ត​បរិសុទ្ធ​ស្លូត​ត្រង់ ស្រឡាញ់​ទឹក​ដី​របស់​ខ្លួន ទើប​តែង​តាម​ដំណើរ​ទុក​ឲ្យ​អ្នក​ក្រោយ​មើល​ស្ដាប់​តទៅ ព្រោះ​ចិត្ត​សង្ឃឹម​ថា​រាជការ​បារាំងសែស និង​ចាត់​ចែង​រៀប​ចំ​នគរ​យើង​ឲ្យ​ឡើង​ជា​នគរ​ធំ​មាន​បុណ្យ​អំណាច​កូន​ចៅ​នៅ​ ឯ​ក្រោយ គង់​តែ​នឹង​ដឹង​ឮ​ឃើញ​តទៅ បាន​ជា​តែង​គិត​ធ្វើ​សេចក្ដី​ដូច្នេះ នេះ​ព្រោះ​តែ​ចិត្ត​ខ្ញុំ​គិត​តែ​ខាង​ល្អ បើ​គួរ​ពុំ​គួរ​សូម​អភ័យ​ទោស ។

តែង​ក្នុង​ចុល្លស័ករាជ​១២៦៩​ឆ្នាំ​មមែ​នព្វស័ក កាល​តា​អាយុ​បាន​៨០​ឆ្នាំ​ប្លាយ​ហើយ ។​៚

 

អត្ថបទ​​តាម​អក្ខរាវិរុទ្ធ​​នៅចុង​សតវត្ស​ទី​១៩ និង​ដើម​​សតវត្ស​ទី​២០

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s